Swift cc time

អតីតរដ្ឋមន្ត្រីម៉ាឡេស៊ី ប្រឈមជាប់ពន្ធនាគារដល់ ២០ ឆ្នាំ ក្រោយសង្ស័យទទួលប្រាក់សូកប៉ាន់ជាង ២៧ ម៉ឺនដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កូឡាឡាំពួរ៖ អតីតរដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ី លោក M Saravanan វ័យ ៥៨ ឆ្នាំ ត្រូវបានចោទប្រកាន់ជាផ្លូវការនៅតុលាការសាលាដំបូងកូឡាឡាំពួរ ពីបទទទួលប្រាក់សូកប៉ាន់សរុប ១.០៩៧ លានរីងហ្គីត (ប្រមាណ ២៧២,៣៧០ ដុល្លារ) ជាថ្នូរនឹងការអនុម័តកូតាពលករ បរទេសចំនួន ១,០០០ នាក់ ឱ្យទៅក្រុមហ៊ុន TYKB Engineering។ ជាការឆ្លើយតប លោក Saravanan បានបដិសេធរាល់បទចោទប្រកាន់ទាំង ៣ ករណី ក្រោមច្បាប់ប្រឆាំងអំពើពុករលួយ (MACC Act 2009)។ ប្រសិនបើតុលាការរកឃើញពិរុទ្ធភាព លោកអាចប្រឈមទោសជាប់ពន្ធនាគារអតិបរមា ២០ ឆ្នាំ និងពិន័យជាប្រាក់យ៉ាងតិច ៥ ដងនៃទំហំទឹកប្រាក់សូកប៉ាន់។

យោងតាមការចេញផ្សាយរបស់កាសែត CNA បទចោទប្រកាន់ទាំងនោះរួមមាន៖ ការទទួលប្រាក់សុទ្ធ ១៥០,០០០ រីងហ្គីត និង ៣៥០,០០០ រីងហ្គីត(ប្រមាណ៤ម៉ឺនដុល្លារ ទៅ៩ម៉ឺនដុល្លារ) ព្រមទាំងប្រាក់តាមមូលប្បទានប័ត្រចំនួន ៥៩៧,០០០(ប្រមាណ១៥ម៉ឺនដុល្លារ) រីងហ្គីត ពីលោក Tan Teck Lim នាយកក្រុមហ៊ុន Vectica Resources តាមរយៈបុគ្គលឈ្មោះ Syed Amirul Syed Ahmad ក្នុងអំឡុងខែមិថុនា និងកក្កដា ឆ្នាំ២០២២។

តុលាការបានអនុញ្ញាតឱ្យលោក Saravanan នៅក្រៅឃុំបណ្ដោះអាសន្នក្រោមប្រាក់ធានា ៤៥០,០០០ រីងហ្គីត(ជាង១១ម៉ឺនដុល្លារ) ដោយតម្រូវឱ្យចូលរាយការណ៍ខ្លួននៅ MACC រៀងរាល់ ៣ ខែម្ដង និងហាមឃាត់ដាច់ខាតមិនឱ្យទាក់ទងសាក្សី។ មុនឡើងតុលាការ លោកបានផ្ញើលិខិតជូននាយករដ្ឋមន្ត្រី Anwar Ibrahim ដោយច្រានចោលការចោទប្រកាន់ទាំងនេះថាជា «រឿងប្រឌិតគ្មានមូលដ្ឋាន»។

គួររំលឹកថា ព្រឹត្តិការណ៍នេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Ismail Sabri ត្រូវបានចោទប្រកាន់ពីបទខកខានមិនបានប្រកាសទ្រព្យសម្បត្តិ និងប្រាក់បរទេសជិត ៤០ លានដុល្លារជូនអាជ្ញាធរ MACC។បច្ចុប្បន្ន លោក Saravanan ជាសមាជិកសភា និងជាអនុប្រធានគណបក្ស MIC ក្នុងសម្ព័ន្ធរដ្ឋាភិបាល បន្ទាប់ពីបានកាន់តំណែងជារដ្ឋមន្ត្រីពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២២៕

Khcct banner

អត្ថបទទាក់ទង