Swift cc time

ថៃ ចាប់ខ្លួនក្រុមស្កេមជនជាតិថៃ ៣០នាក់ រឹបអូសទ្រព្យសម្បត្តិជាង ១៥ លានដុល្លារអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ប៉ូលីសថៃបានចុះឆែកឆេរទីតាំងសង្ស័យចំនួន ២៧ កន្លែង ក្នុងខេត្ត-ក្រុងចំនួន ១១ រួមមានបាងកក, ឈៀងម៉ៃ, ឈៀងរ៉ៃ និងឈុនបុរីជាដើម។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣៩ នាក់ (ថៃ ៣០ នាក់, ចិន ៨ នាក់ និងភូមា ១ នាក់) ព្រមទាំងរឹបអូសទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជាង ៥០០ លានបាត (ប្រហែល ១៥ លានដុល្លារអាម៉េរិក) ពីបណ្តាញឆបោក និងលាងលុយកខ្វក់ឆ្លងដែន។

យោងតាមការចេញផ្សាយរបស់កាសែត The Nation ប្រតិបត្តិការនេះបានចាប់ផ្តើមឡើង បន្ទាប់ពីអាជ្ញាធរថៃបានរកឃើញប្រតិបត្តិការហិរញ្ញវត្ថុមិនប្រក្រតី ផ្ទេរចូលទៅក្នុងគណនីរបស់ជនជាតិចិនដែលកាន់ទិដ្ឋាការពិសេស «Thailand Privilege Visa» ដែលជាប្រាក់បានមកពីការបោកប្រាស់ប្រជាពលរដ្ឋ។ តាមការស្រាវជ្រាវ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់បណ្តាញសង្គម Facebook និង Line ដើម្បីអូសទាញជនរងគ្រោះឱ្យទាញយកកម្មវិធីវិនិយោគភាគហ៊ុនក្លែងក្លាយឈ្មោះ «ETO TH»។ នៅពេលជនរងគ្រោះចង់ដកប្រាក់ចំណេញ ក្រុមនេះបានទាមទារឱ្យបង់ថ្លៃសេវាបន្ថែមជាបន្តបន្ទាប់ ប៉ុន្តែនៅតែមិនអាចដកប្រាក់បានដដែល ដោយបង្កការខូចខាតដល់ជនរងគ្រោះជាង ៧៤ ករណី សរុបជាទឹកប្រាក់ជាង ១៧៣ លានបាត។

ដើម្បីបិទបាំងប្រភពប្រាក់ងងឹត ក្រុមឧក្រិដ្ឋជនបានយកប្រាក់ដែលឆបោកបានទៅបំប្លែងជា រូបិយវត្ថុឌីជីថល Tether (USDT) និងប្តូរមកជាប្រាក់បាតវិញដើម្បីទិញអចលនទ្រព្យ និងទ្រព្យសម្បត្តិស៊េរីទំនើបៗ ដោយក្នុងនោះជនសង្ស័យជនជាតិចិនម្នាក់បានសារភាពថា បានជួយលាងលុយយ៉ាងតិច ៣ ពាន់លានបាត ចាប់តាំងពីឆ្នាំ២០២២ ឱ្យមេខ្លោងដែលមានទីតាំងនៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ទីតាំងគោលដៅសរុប ២៧ កន្លែង ស្ថិតនៅក្នុងរាជធានីបាងកក និងខេត្តចំនួន ១១ រួមមាន៖ក្រុងបាងកក ខេត្តឈៀងម៉ៃ ខេត្តឈៀងរ៉ៃ ខេត្តសមុទ្រប្រាកាន ខេត្តសារ៉ាបុរី ខេត្តស៊ីងបុរី)ខេត្តនគរបឋម ខេត្តឈុនបុរី ខេត្តកាឡាស៊ីន ខេត្តណារ៉ាធីវ៉ាត់ និងខេត្តរ៉ាណង។អាជ្ញាធរថៃ ប្រកាសរឹតបន្តឹងយន្តការពិនិត្យស្កែនឡើងវិញលើជនបរទេសដែលកាន់ទិដ្ឋាការ Thailand Privilege Visa ទាំងអស់៕


Khcct banner

អត្ថបទទាក់ទង