វៀងច័ន្ទន៍៖ ក្រសួងសុខាភិបាលឡាវ បានចេញបញ្ជាឱ្យធ្វើការត្រួតពិនិត្យជាទូទាំងប្រទេសលើបណ្តាមណ្ឌលសុខភាព និងកែសម្ផស្សឯកជន បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ លោកស្រី Baikham Khattiya បានថ្លែងប្រាប់រដ្ឋសភាជាតិ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ថា ការស៊ើបអង្កេតបានរកឃើញមជ្ឈមណ្ឌលកែសម្ផស្សដល់ទៅ ១៨៣ កន្លែង កំពុងផ្តល់សេវាវេជ្ជសាស្ត្រ និងចាក់សារធាតុផ្សេងៗ (ដូចជា Botox) ដោយគ្មានអាជ្ញាប័ណ្ណ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Laotian Times វិធានការរឹតបន្តឹងនេះ បានកើតឡើងបន្ទាប់ពីអាជ្ញាធរឡាវ បានផ្អាកសេវាកម្មរបស់ខ្សែសង្វាក់គ្លីនិក Dr. Nith Beauty Center កាលពីខែកញ្ញា និងបានកំណត់ឱសានវាទត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់គ្លីនិកគ្មានច្បាប់ទាំងអស់ឱ្យមកចុះបញ្ជីឡើងវិញ។
ក្តីបារម្ភលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅតែបន្តកើតមាន ក្រោយពេលមន្ទីរពេទ្យ BLL Hospital ក្នុងរដ្ឋធានីវៀងច័ន្ទន៍ ដែលត្រូវក្រសួងប្រកាសបិទទ្វារកាលពីថ្ងៃទី២១ ខែកក្កដា ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទជួញដូរអវយវៈមនុស្ស (ការវះកាត់ប្តូរតម្រងនោមខុសច្បាប់តម្លៃ ១៣០,០០០ ដល់ ១៨០,០០០ ដុល្លារ) នៅតែបន្តបើកទ្វារដំណើរការជាធម្មតាជិត ៣ ខែមកហើយ ដោយគ្មានការបកស្រាយ ឬសេចក្តីថ្លែងការណ៍ច្បាស់លាស់ពីអាជ្ញាធរនៅឡើយ។
គួរបញ្ជាក់ថា នៅទូទាំងប្រទេសឡាវ មានមន្ទីរពេទ្យឯកជនត្រឹម ៤៦ កន្លែង មជ្ឈមណ្ឌលព្យាបាល ២៣ កន្លែង និងគ្លីនិក ២,០៧៦ កន្លែងប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការស្របច្បាប់៕