ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពី «ផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន» នៅក្នុងខេត្តចំនួនពីរគឺ រតនៈគិរី និងមណ្ឌលគីរី នៅក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់យុវជនអំពីការសិក្សា ការជ្រើសរើសអាជីព និងឱកាសការងារ ព្រមទាំងអាចយកចំណេះដឹងដែលទទួលបានទៅរៀបចំផែនការសិក្សា អាជីព និងអភិវឌ្ឍសមត្ថភាពឱ្យកាន់តែខ្លាំង។
យោងតាមក្រសួងអប់រំ សិក្ខាសាលាទាំងមូលផ្តោតទៅលើការផ្តល់ព័ត៌មាន ការប្រឹក្សា ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងដើម្បីជាជំនួយសម្រាប់យុវជនឱ្យយល់កាន់តែច្បាស់ពីចំណងចំណូលចិត្ត សមត្ថភាព ជម្រើសជំនាញ និងជំនាញដែលត្រូវនឹងទីផ្សាការងារនាពេលបច្ចុប្បន្ន។ ទន្ទឹមគ្នា ការរៀបចំនេះនឹងធ្វើឱ្យយុវជនទទួលបាននូវព័ត៌មានដែលត្រឹមត្រូវ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះឱ្យរឹងមាំក្នុងការជ្រើសរើសជំនាញ និងអនាគតដើម្បីឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតដែលតម្រូវឱ្យយុវជនត្រូវតែមានទាំងចំណេះដឹង សមត្ថភាព ជំនាញទន់ ព្រមទាំងអាចសម្របខ្លួនទៅនឹងស្ថានការដែលកំពុងផ្លាស់ប្តូរ។
គួរបញ្ជាក់ថា សកម្មភាពនេះគឺជាបរិយាកាសគាំទ្រដ៏សំខាន់មួយសម្រាប់យុវជន ឱ្យទទួលបានព័ត៌មានច្បាស់ ការប្រឹក្សាដែលឆ្លើយតបនឹងតម្រូវការ និងពង្រឹងសមត្ថភាពយុវជនដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើន៕