ភ្នំពេញ៖ ការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា គឺជាក្តីប្រាថ្នារបស់យុវជនគ្រប់រូប ប៉ុន្តែបញ្ហាជីវភាព និងការចំណាយលើការស្នាក់នៅ បានក្លាយជារបាំងដ៏ធំមួយសម្រាប់សិស្ស-និស្សិតមកពីបណ្តាខេត្ត។ ដើម្បីដោះស្រាយបញ្ហានេះ អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានបង្កើតកម្មវិធីអាហារូបករណ៍ផ្តល់កន្លែងស្នាក់នៅ ដើម្បីជួយសម្រាលបន្ទុក និងគាំទ្រដល់ការសិក្សារបស់ពួកគេឱ្យសម្រេចគោលដៅ។
យោងតាម លោក អាំង ជានទ័ង បានឱ្យដឹងថា អង្គការ YAD ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២៥ ដោយសហស្ថាបនិកចំនួន ៣រូប ដែលមានឆន្ទៈរួមគ្នាក្នុងការកសាងសមត្ថភាពយុវជន។ អង្គការមានជំនឿយ៉ាងមុតមាំថា នៅពេលដែលសិស្សទទួលបានទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព រួមជាមួយការចូលរួមក្នុងសកម្មភាពលើកកម្ពស់សមត្ថភាព នោះពួកគេនឹងមានកម្លាំងចិត្តកាន់តែខ្លាំងក្លា ក្នុងការបង្កើតផលវិជ្ជមានត្រឡប់ទៅកាន់សង្គមជាតិវិញ។
ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួល អង្គការបានរៀបចំកន្លែងស្នាក់នៅដាច់ដោយឡែករវាងនិស្សិតស្រី និងនិស្សិតប្រុស។ មុននឹងទទួលបានអាហារូបករណ៍នេះ បេក្ខជនត្រូវដាក់ពាក្យតាមប្រព័ន្ធអនឡាញជាមុនសិន។ ក្នុងករណីមានលក្ខខណ្ឌត្រូវតាមការកំណត់ បេក្ខជននឹងត្រូវឆ្លងកាត់វគ្គសម្ភាសន៍បន្តទៀត។ ក្រោយជាប់ជាស្ថាពរ អង្គការតម្រូវឱ្យសិស្សឆ្លងកាត់ការសាកល្បងរស់នៅបន្ស៊ាំខ្លួនរយៈពេល ៣ខែសិន មុននឹងសម្រេចបន្តការស្នាក់នៅរយៈពេលវែង ដោយសារអង្គការមានគោលការណ៍ និងវិន័យតឹងរ៉ឹងដើម្បីបណ្តុះស្មារតីសាមគ្គីភាព និងការយោគយល់គ្នា ដូចជា ការបែងចែកវេនសម្អាត ចម្អិនអាហារ ថែទាំទីធ្លា និងការរៀបចំកិច្ចប្រជុំផ្ទៃក្នុងជាដើម។
យុវជន ធុន ភីរុន ជានិស្សិតមកពីខេត្តកំពត បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា៖ «ក្នុងគ្រួសារខ្ញុំ មិនទាន់មានសមាជិកណាបានបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យនោះទេ ដូច្នេះការមករៀននៅភ្នំពេញ គឺជាក្តីស្រមៃដ៏ធំបំផុតរបស់ខ្ញុំ»។ ភីរុន បានបន្តថា កាលពីមកភ្នំពេញដំបូង ខ្លួនបានស្នាក់នៅផ្ទះជួលជាមួយមិត្តភក្តិ ប៉ុន្តែដោយសារការចំណាយខ្ពស់ពេក ធ្វើឱ្យរូបគេស្ទើរតែសម្រេចចិត្តផ្អាក ឬបោះបង់ការរៀនសូត្រ ដើម្បីទៅធ្វើការសន្សំប្រាក់ ព្រោះមិនចង់ក្លាយជាបន្ទុករបស់គ្រួសារ។ សំណាងល្អ ក្រោយពីបានទទួលអាហារូបករណ៍ស្នាក់នៅពីអង្គការ YAD ភីរុន បានបន្តក្តីស្រមៃសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដោយរលូន។
ដោយឡែក កញ្ញា ឡេង គីមឡាង ជានិស្សិតមកពីខេត្តក្រចេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា៖ «ខ្ញុំពិតជាមានមោទនភាពដែលទទួលបានអាហារូបករណ៍នេះ។ ក្រៅពីការរៀនសូត្រនៅសាកលវិទ្យាល័យ ខ្ញុំអាចឆ្លៀតពេលទំនេរប្រើប្រាស់សមត្ថភាពរបស់ខ្ញុំក្នុងការងារសង្គម តាមរយៈការបង្រៀនក្មេងៗនៅក្នុងសហគមន៍»។ គីមឡាង បានបន្ថែមថា នាងមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស ហើយការរស់នៅក្នុងបរិយាកាសនៃអង្គការនេះ មិនត្រឹមតែបណ្តុះឱ្យនាងមានវិន័យ និងទម្លាប់ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រីកទំនាក់ទំនងជាមួយរៀមច្បងពូកែៗ និងជួយឱ្យនាងមើលឃើញទិសដៅអនាគតកាន់តែច្បាស់លាស់ជាងមុន។
គួរបញ្ជាក់ថា ក្នុងចំណោមសហស្ថាបនិកទាំង ៣រូប មាន លោក អាំង ជានទ័ង បច្ចុប្បន្នកំពុងប្រចាំការ និងទទួលខុសត្រូវកិច្ចការផ្ទាល់ជាមួយនិស្សិតដែលកំពុងស្នាក់នៅ។ ចំណែក កញ្ញា ស៊ុន រតនា និង កញ្ញា សាញ់ ស៊ីណារ៉ា ទទួលបន្ទុកជួយគាំទ្រពីចម្ងាយ តាមរយៈការកៀរគរថវិកាពីសប្បុរសជន ដើម្បីឱ្យដំណើរការការងារនេះអាចប្រព្រឹត្តទៅបានដោយរលូន។ លោក អាំង ជានទ័ង តំណាងឱ្យអង្គការ YAD បានចែករំលែកពីមូលហេតុនៃការបន្តបេសកកម្មនេះថា៖ «កម្លាំងចិត្តធំបំផុតដែលធ្វើឱ្យយើងបន្តដំណើរទៅមុខ គឺការចង់ឃើញយុវជនកាន់តែច្រើនមានអនាគតភ្លឺស្វាង។ កន្លងមក យើងសប្បាយចិត្តឥតឧបមា ពេលឃើញសិស្សដែលយើងបានជួយ អាចឈានទៅរកភាពជោគជ័យក្នុងជីវិត ហើយអ្វីដែលរឹតតែពិសេសនោះ គឺពួកគាត់ចេះត្រឡប់មកជួយជ្រោមជ្រែងប្អូនៗជំនាន់ក្រោយបន្តទៀត»៕
ទស្សនាវីដេអូ៖