ថៃ៖ ជនបរទេសអាចប្រឈមមុខនឹងការបណ្តេញចេញពីប្រទេសថៃ ប្រសិនបើពួកគេបានប្រព្រឹត្តអំពើដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌មិនល្អ ឬធ្វើឲ្យប៉ះពាល់សុខុមាលភាពប្រជាជន ថៃ និងជួយជ្រោមជ្រែង ឬបង្កើតការញុះញង់ឱ្យមានសកម្មភាពខុសច្បាប់នាៗក្នុងប្រទេស។ នេះបើផ្អែកតាមបទបញ្ជាថ្មីនៃទីស្តីការនាយករដ្ឋមន្ត្រីថៃ ស្តីពីការបណ្តេញចេញ ឆ្នាំ២០២៦ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី២៨ ខែសីហានេះ។
យោងតាមការចេញផ្សាយរបស់កាសែត The Thaiger ជនបរទេសដែលបានអនុវត្តទោសជាប់ពន្ធនាគាររួចរាល់ចំពោះបទល្មើសដូចជា ការចូលឬស្នាក់នៅខុសច្បាប់ ការធ្វើការឬប្រកបអាជីវកម្មគ្មានការអនុញ្ញាត ការក្លែងបន្លំឯកសារសាធារណៈ ឬបទល្មើសដែលមានទោសជាប់ពន្ធនាគារចាប់ពី ៥ឆ្នាំឡើងទៅ ក៏ត្រូវបណ្តេញចេញផងដែរ។
តាមនីតិវិធីច្បាប់ថៃ នាយកដ្ឋានពន្ធនាគារត្រូវជូនដំណឹងទៅក្រសួងមហាផ្ទៃថៃ យ៉ាងតិច ១៥ថ្ងៃមុនពេលដោះលែង ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ មានសិទ្ធិចេញបញ្ជាបណ្តេញចេញ និងអាចហាមឃាត់មិនឲ្យចូលប្រទេសថៃវិញក្នុងរយៈពេលណាមួយ។
គួរកត់សម្គាល់ថាជាទូទៅ ជនបរទេសនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសដើម ឬប្រទេសដែលធ្លាប់រស់នៅចុងក្រោយ ប៉ុន្តែបទបញ្ជានេះក៏បើកផ្លូវឲ្យមានការបញ្ជូនទៅប្រទេសទីបី ឬអង្គការអន្តរជាតិនានាក្នុងរយៈពេល ៣០ថ្ងៃ (អាចពន្យារពេលបានពីរដង ៣០ថ្ងៃម្នាក់) ប្រសិនបើមានសំណើតាមផ្លូវការទូតដើម្បីការពារពួកគេពីការធ្វើទារុណកម្ម ឬការធ្វើបាបដោយអមនុស្សធម៌ ដោយមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីសាម៉ីខ្លួន និងការទទួលខុសត្រូវចំណាយពីភាគីស្នើសុំ៕