នេប៉ាល់៖ អ្នកជំនាញផ្នែកភូគព្ភសាស្ត្របានបញ្ជាក់ថា គ្រោះទឹកជំនន់ភ្លាមៗយ៉ាងសាហាវនៅតំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងទីបេរបស់ចិន កាលពីល្ងាចថ្ងៃពុធ ត្រូវបានបង្កឡើងដោយសារផ្នែកខាងក្រោមនៃផ្ទាំងទឹកកកដ៏ធំមួយបានបាក់រលំ ដោយផ្ទាំងទឹកកកនេះបានផ្តាច់ខ្លួនចេញពីកម្ពស់ប្រមាណ ៥២០០ ម៉ែត្រ ហើយធ្លាក់ចុះមកលើបាតជ្រលងភ្នំដែលមានជម្រៅទាបជាងប្រហែល ១,២០០ ម៉ែត្រ។
យោងតាមការវិភាគលើរូបភាពរណបពីស្ថាប័ន Planet Labs អាជ្ញាធរនេប៉ាល់ធ្លាប់បានសង្ស័យថាមានគ្រោះរញ្ជួយដីកើតឡើងមុនហេតុការណ៍នេះ ប៉ុន្តែស្ថាប័នអង្កេតភូគព្ភសាស្ត្រអាម៉េរិក (USGS) បានបកស្រាយថា រលកញ័រដែលកត់ត្រាបាននោះ គឺកើតចេញពីថាមពលនៃការទង្គិចដ៏ខ្លាំងក្លារបស់ផ្ទាំងទឹកកក និងដុំថ្មដែលបាក់ធ្លាក់ចុះមកតែប៉ុណ្ណោះ។
អ្នកជំនាញបានគូសបញ្ជាក់ថា ការដួលរលំនៃផ្ទាំងទឹកកកនេះបានបង្កើតជាកម្លាំងរុញច្រានយ៉ាងខ្លាំង បញ្ជូនទឹក ដីភក់ និងដុំថ្មសន្ធឹកសន្ធាប់ ហូរធ្លាក់តាមប្រព័ន្ធទន្លេ Lhende, Bhote Koshi និង Trishuli ដោយលំហូរទឹកលឿនដូចស៊ីម៉ង់ត៍រាវនេះបានធ្វើឱ្យកម្រិតទឹកទន្លេនៅតំបន់ Galchhi ហក់ឡើងខ្ពស់រហូតដល់ ៩ ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៣០ នាទី ដោយបានលិចលង់ផ្ទះសម្បែង ស្ពាន ថ្នល់ និងរោងចក្រវារីអគ្គិសនីជាច្រើននៅស្រុក Rasuwa។
អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា សីតុណ្ហភាពដែលកើនឡើងក្តៅខ្លាំងក្នុងរយៈពេល ២៤ ម៉ោងមុនកើតហេតុ បានធ្វើឱ្យព្រិលរលាយយ៉ាងឆាប់រហ័ស ដែលអាចជាកត្តារួមផ្សំដ៏សំខាន់ បន្ថែមលើការប្រែប្រួលអាកាសធាតុសកល ដែលធ្វើឱ្យផ្ទាំងទឹកកកនៅតំបន់ភ្នំហិម៉ាឡៃរលាយលឿនជាងមុន ៦៥% ក្នុងទសវត្សរ៍ចុងក្រោយនេះ។
បច្ចុប្បន្ន អាជ្ញាធរនេប៉ាល់បារម្ភថាចំនួនអ្នកបាត់បង់ជីវិតអាចនឹងកើនឡើងខ្ពស់ខ្លាំង ខណៈមនុស្សជិត ១,៥០០ នាក់ (ក្នុងនោះមានជនបរទេសប្រហែល ៧០០ នាក់) កំពុងបាត់ខ្លួននៅឡើយ៕