នេប៉ាល់៖ មនុស្សយ៉ាងហោចណាស់ ៣៨៩ នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៩០០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងប្រទេសនេប៉ាល់ ខណៈនៅតំបន់ទីបេ មានមនុស្សស្លាប់ ៣ នាក់ និងបាត់ខ្លួនជាង ៥៥០ នាក់។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BBC ក្រុមសង្គ្រោះដែលកំពុងស្វែងរកអ្នករស់រានមានជីវិតនៅប្រទេសនេប៉ាល់ និងតំបន់ទីបេ កំពុងស្ថិតក្នុងភាពព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានរបាយការណ៍ថា ទឹកជំនន់រលកទីពីរអាចនឹងវាយប្រហារតំបន់ព្រំដែនជួរភ្នំហិម៉ាល័យ ដែលបានរងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងរួចទៅហើយនោះ។ ក្តីបារម្ភនេះកើតឡើងដោយសារកម្រិតទឹកបឹងនៅជិតព្រំដែនចិន-នេប៉ាល់ បន្តកើនឡើងយ៉ាងរហ័ស ដែលប្រឈមនឹងការបាក់ទំនប់។
អាជ្ញាធរមូលដ្ឋាននេប៉ាល់បានបញ្ជាក់ថា ហេតុការណ៍ទឹកជំនន់ឆាប់រហ័សកាលពីថ្ងៃពុធកន្លងទៅនេះ បានកើតឡើងដោយសារការបាក់ផ្ទាំងទឹកកក ដែលបង្កើតជាកម្លាំងទឹកហូរបោកបក់បំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ និងច្រកព្រំដែនសំខាន់រវាងនេប៉ាល់ និងទីបេ។
គួរបញ្ជាក់ផងដែរថា តំបន់ជួរភ្នំហិម៉ាល័យនេះ តែងតែទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន ក្រុមគ្រួសាររងគ្រោះជាច្រើនកំពុងរង់ចាំព័ត៌មានសាច់ញាតិដែលបាត់ខ្លួនដោយក្តីអស់សង្ឃឹម និងបួងសួងសុំឱ្យពួកគេអាចត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព៕