Swift cc time

កម្ពុជាជំរុញឱ្យអាស៊ានបូកបី ទទួលស្គាល់វិញ្ញាបនបត្រ«ជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខអ៊ីនធឺណិត» ឆ្លងដែន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបីលើកទី១៤ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យបណ្តាប្រទេសសមាជិកអាស៊ាន រួមជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការលើការវាយតម្លៃ និងបញ្ជាក់វិញ្ញាបនបត្រជំនាញឆ្លងដែនឱ្យមានលក្ខណៈជាប្រព័ន្ធ។

កិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបីលើកទី១៤ (14th ALMM+3) ក្រោមមូលបទ “ការលើកកម្ពស់មូលធនមនុស្សអាស៊ាន៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ជាសកល” បានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងបាងកក ប្រទេសថៃ ខណៈកម្ពុជាបានចូលរួមតាមប្រព័ន្ធអនឡាញ។

ក្នុងកិច្ចប្រជុំនេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានសង្កត់ធ្ងន់ថា ការបញ្ជាក់ និងទទួលស្គាល់វិញ្ញាបនបត្រគឺជាស្ពានដ៏សំខាន់ក្នុងការបង្កើនឱកាសការងារ និងការចល័តកម្លាំងពលកម្មក្នុងតំបន់ ជាពិសេសលើជំនាញអនាគតដូចជា បញ្ញាសិប្បនិម្មិត (AI) យានយន្តអគ្គិសនី មនុស្សយន្ត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ លោកបានបន្តថា ការបណ្តុះបណ្តាលគឺផ្តល់ជំនាញដល់ជនទេសន្ដរប្រវេសន៍ការងារ ខណៈការបញ្ជាក់វិញ្ញាបនបត្រគឺធ្វើឱ្យជំនាញនោះមានភាពច្បាស់លាស់ និងគួរឱ្យទុកចិត្ត។ ការទទួលស្គាល់ធ្វើឱ្យជំនាញទាំងនោះអាចផ្ទេរ និងប្រើប្រាស់បាននៅទីកន្លែងផ្សេងៗ ហើយភាពអាចផ្ទេរបាននៃជំនាញជួយបង្កើនឱកាសការងារឱ្យកាន់តែប្រសើរនៅទូទាំងតំបន់។

រដ្ឋមន្រ្តីក្រសួងការងារ បានស្នើអង្គប្រជុំដែលមានបណ្តាប្រទេសសមាជិកអាស៊ាន រួមជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង ថា ជំហានបន្ទាប់ គឺត្រូវភ្ជាប់វឌ្ឍនភាពទាំងនេះឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ និងស៊ីចង្វាក់គ្នានៅកម្រិតតំបន់។ អាស៊ានបូកបី គួរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើស្តង់ដាជំនាញ ការវាយតម្លៃ និងការបញ្ជាក់វិញ្ញាបនបត្រជំនាញ, ភ្ជាប់ការបញ្ជាក់វិញ្ញាបនបត្រជំនាញជាមួយការចល័តកម្លាំងពលកម្ម និងតម្រូវការជំនាញនាពេលអនាគត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើជំនាញឌីជីថល បញ្ញាសិប្បនិម្មិត ជំនាញបៃតង យានយន្តអគ្គិសនី មនុស្សយន្ត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។

ជាលទ្ធផល អង្គប្រជុំបានអនុម័តលើសេចក្តីប្រកាសរួម ទទួលស្គាល់ថា ការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល ការប្រែប្រួលប្រជាសាស្ត្រ ការវិវត្តនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការធ្វើទេសន្តរប្រវេសន៍ការងារ កំពុងផ្លាស់ប្តូរតម្រូវការ និងការផ្គត់ផ្គង់ជំនាញនៅទូទាំងតំបន់៕

Khcct banner

អត្ថបទទាក់ទង