ភ្នំពេញ៖ យុវជនកម្ពុជា«រំដួលសែនជ័យ» ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026) ក្រោយការប្រកួតចំនួន២តំណាក់កាល យកឈ្នះលើក្រុមប្រមាណជិត១៦០ក្រុម។ ក្រុមយុវជនកម្ពុជានេះ នឹងត្រូវប្រកួតបន្តនៅថ្នាក់តំបន់ ដែលនឹងមានបេក្ខជនប្រកួតចំនួន ១៥៧ក្រុម ស្មើនឹង ៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជននិងគ្រឹះស្ថានអប់រំ។
ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ យុវជន ហឿន វិស័យ តំណាងក្រុមរំដួលសែនជ័យ បានបញ្ជាក់ថា ក្រុមរបស់គេចូលរួមការប្រកួតនេះដោយសារ យុវជនក្រុមនេះសុទ្ធសឺងតែសិក្សាជំនាញ Cybersecurity ហើយសង្ឃឹមថាការចូលរួមប្រកួតជាក់ស្តែងនឹងជួយពួកគេទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗទាក់ទងនឹងជំនាញដែលពួកគេកំពុងរៀន បន្ថែមពីលើការបង្រៀននៅសាលា។
ទន្ទឹមនឹងនេះ ដោយសារការជំរុញទឹកចិត្ត និងចក្ចុវិស័យផ្ទាល់ខ្លួន ក្នុងការចង់តំណាងកម្ពុជាលើឆាកអន្តរជាតិ ក្រុមរំដួលសែនជ័យ កាន់តែមានស្មារតី និងទឹកចិត្តចង់ប្រកួត ហើយយកឈ្នះក្លាយជាជ័យលាភីលេខ១ តំណាងកម្ពុជាទៅប្រកួតនៅអន្តរជាតិ។
តំណាងក្រុមរំដួលសែនជ័យ បានបន្ថែមថា ក្រុមរូបគេនឹងបន្តទៅប្រកួតនៅថ្នាក់តំបន់ ដែលនឹងមានបេក្ខជនប្រកួតចំនួន ១៥៧ក្រុម ស្មើនឹង ៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជននិងគ្រឹះស្ថានអប់រំ។ មុនពេលទៅប្រកួត សមាជិតក្រុមទាំងអស់ នឹងទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ១០សប្ដាហ៍ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតបន្តទៀត។ ក្រុមរំដួលសែនជ័យ បានលើកឡើងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ចូលរួមប្រកួតឱ្យបានលទ្ធផលល្អជូនកម្ពុជា៕