Swift cc time

អាម៉េរិក ថា HACKER ចិនលួចចូលប្រព័ន្ធក្រសួងយុត្តិធម៌, NASA,ធនាគារសហព័ន្ធ និងព្រឹទ្ធសភាខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានប្រកាសនៅព្រឹកថ្ងៃ ព្រហស្បតិ៍ នេះថាខ្លួនបានរំខានដល់ប្រតិបត្តិការលួចចូលរបស់ក្រុមចោរព័ត៌មានរបស់ចិន (HACKER) ដែលបានលួចចូល និងធ្វើការប៉ុនប៉ងលួចទិន្នន័យលើក្រសួងយុត្តិធម៌, អង្កការ NASA, ធនាគារសហព័ន្ធ, ព្រឹទ្ធសភា និងទីភ្នាក់ងាររដ្ឋាភិបាលអាម៉េរិកជាច្រើនទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងយុត្តិធម៌អាម៉េរិកបានបញ្ជាក់ទៀតថា ខ្លួនបានរឹបអូសយកឧបករណ៍ដែលប្រើប្រាស់ដើម្បីលួចចូលពីរក្រុម HACKER ចិនដែលឧបករណ៍នោះមានឈ្មោះថា QScan និង QTRouter ដែលត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃយុទ្ធនាការនេះលួចចូលកាន់កាប់ស្ថាប័នរដ្ឋាភិបាលអាម៉េរិក ដោយក្រុម HACKER ចិនបានកំណត់អត្តសញ្ញាណវាយប្រហារលើ ក្រសួងថាមពលសហរដ្ឋអាម៉េរិក ក្រសួងសុខាភិបាល វិទ្យាស្ថានសុខភាពជាតិ និងក្រុមហ៊ុនចំនួនបួនសំខាន់ៗទៀត។

បើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌អាម៉េរិក ឧបករណ៍ដែលប៉ុនប៉ងលួចចូលកាន់កាប់ទិន្នន័យរបស់រដ្ឋាភិបាលអាម៉េរិកបានដំណើរការដោយក្រុមហ៊ុន Nanjing Xinjiuwei Network Technology Company ដែលមានមូលដ្ឋាននៅប្រទេសចិន ដោយពួក Hacker បានប្រើប្រាស់ឧបករណ៍ដែលពួកគេបានបង្កើតដើម្បីលួចចូលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបណ្តាញរសើបផ្សេងទៀតនៅក្នុងសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោកចាប់តាំង ឆ្នាំ ២០១៨ ដោយក្នុងនោះការប៉ុនប៉ងទាំងអស់របស់ពួកគេដើម្បីទទួលបានសិទ្ធិចូលប្រើភាគច្រើនបរាជ័យ។

ជាការឆ្លើយតប អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់វិញថាពួកគេមិនស្គាល់ពីលក្ខណៈជាក់លាក់ដែលបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាម៉េរិកឡើយ ហើយរដ្ឋាភិបាលចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងប្រយុទ្ធប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតគ្រប់ទម្រង់ទាំងអស់ស្របតាមច្បាប់។ អ្នកនាំពាក្យរូបនេះដដែល អះអាងទៀតថាសហរដ្ឋអាម៉េរិកប្រើប្រាស់បញ្ហាសន្តិសុខតាមអ៊ីនធឺណិតដើម្បី បង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន ហើយប្រទេសចិនប្រឆាំងនឹងសហរដ្ឋអាម៉េរិកដែលពង្រីកគំនិតនៃសន្តិសុខជាតិ និងប្រើប្រាស់វាជាលេសដើម្បីដាក់កម្រិតរើសអើងលើក្រុមហ៊ុនចិន ហើយនឹងការពារយ៉ាងរឹងមាំនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន៕

Khcct banner

អត្ថបទទាក់ទង