វ៉ាស៊ីនតោន៖ មេចារម្ម (CIA) សហរដ្ឋអាម៉េរិកលោក John Ratcliffe បានព្រមានរុស្ស៊ីកុំឱ្យវាយប្រហារសមាជិកណាតូណាម្នាក់ ការព្រមានរបស់លោកនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងមូស្គូដោយមិនប្រកាសដំណឹងជាមុន។ នេះបើយោងតាមការបញ្ជាក់របស់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានចេញផ្សាយការព្រមានរបស់លោកទៅកាន់រុស្ស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក ដំណើរទស្សនកិច្ចមិនធម្មតាមួយនេះរបស់នាយក CIA ទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះគឺដើម្បីព្រមានរុស្ស៊ីប្រឆាំងនឹងការវាយប្រហារណាមួយលើរដ្ឋជាសមាជិកណាតូ។ កាសែត Wall Street Journal និង CBS News បានរាយការណ៍ថា នាយក CIA លោក John Ratcliffe មានគោលបំណងបញ្ចុះបញ្ចូលរុស្ស៊ីពីការវាយប្រហារសមាជិកណាតូ ចំពេលមានការវាយតម្លៃស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិកថា រុស្ស៊ីអាចនឹងវាយប្រហារលើសមាជិកណាតូណាម្នាក់ដើម្បីសាកល្បងប្រសិទ្ធភាពនៃសម្ព័ន្ធមិត្តរបស់ណាតូ។ កាសែត Journal បានបញ្ជាក់ថា លោកពូទីនអាចសាកល្បងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងជាមួយនឹង "ការវាយប្រហារមានកំណត់" ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ភ្លាមៗសេតវិមានមិនបានឆ្លើយតបទៅនឹងសំណើជាច្រើនរបស់ទីភ្នាក់ងារ AFP សម្រាប់ការអត្ថាធិប្បាយលើបញ្ហានេះទេ ហើយលោក ត្រាំ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Ratcliffe ទៅកាន់ទីក្រុងមូស្គូកាលពីថ្ងៃអង្គារគឺដើម្បីពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន។
គួររម្លឹកថាលោក Ratcliffe គឺជាមន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់សហរដ្ឋអាម៉េរិកដែលបានទៅទស្សនកិច្ចប្រទេសរុស្ស៊ីចាប់តាំងពីសង្គ្រាមជាមួយអ៊ុយក្រែនបានចាប់ផ្តើមនៅឆ្នាំ ២០២២ មក។ ដំណើរទស្សនកិច្ចរបស់លោកបានកើតឡើងចំពេលមានការកើនឡើងនៃការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយការវាយប្រហារនៅរដូវក្តៅនេះបានបង្កើនចំនួនជនស៊ីវិលស្លាប់កាន់តែច្រើនឡើង ខណៈដែលការចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិកបានជាប់គាំង។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក លោក Ratcliffe ក៏បានពិភាក្សាអំពីសង្គ្រាមជាមួយអ៊ីរ៉ង់ផងដែរ ដោយព្រមានអំពីទណ្ឌកម្មបន្ថែម ប្រសិនបើច្រកសមុទ្រ Hormuz មិនបើកចរាចរណ៍ដឹកជញ្ជូនឡើងវិញទេ៕