ទីបេ ៖ មនុស្សយ៉ាងហោចណាស់ជាង ១៥០ នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសនេប៉ាល់ និងទេសចររាប់រយនាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ឆាប់រហ័ស និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ។យោងតាមក្រុមប្រឹក្សាទេសចរណ៍នេប៉ាល់បានឱ្យដឹងថា ទេសចរបរទេសដែលកំពុងបាត់ខ្លួនទាំងនោះ រួមមានជនជាតិឥណ្ឌាច្រើនជាង ១០០ នាក់, អាម៉េរិក ៥៤ នាក់, អូស្ត្រាលី ៣៤ នាក់, អង់គ្លេស ៣៣ នាក់ និងប្រជាជននេប៉ាល់ខ្លួនឯងជាង ១០០ នាក់ទៀត។ តំបន់រងគ្រោះនេះ គឺជាផ្លូវដ៏ពេញនិយមសម្រាប់អ្នកធ្វើធម្មយាត្រា និងក្រុមអ្នកដើរកម្សាន្តតាមតំបន់ភ្នំ។ហេតុការណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃពុធ ម្សិលមិញ ដោយចរន្តទឹកជំនន់ និងការបាក់ដីបានចាប់ផ្ដើមបុកបោលខ្លាំងនៅចន្លោះម៉ោង ៨:៣០ នាទី ដល់ ៩:០០ នាទីព្រឹក (ម៉ោងនៅក្នុងតំបន់)។
ដោយឡែកនៅក្នុងតំបន់ទីបេ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា មានមនុស្សស្លាប់ ៣ នាក់ និង ២៦៥ នាក់កំពុងបាត់ខ្លួន ខណៈវីដេអូសុវត្ថិភាព (CCTV) បានបង្ហាញសកម្មភាពទឹកជំនន់ភក់យ៉ាងសន្ធឹកសន្ធាប់ ហកបុកទម្លុះអគារនៅឯច្រកព្រំដែន។
ជាមួយគ្នានេះ មន្ត្រីនគរបាល កងទ័ព និងបុគ្គលិកផ្នែកអគ្គិសនីនេប៉ាល់រាប់សិបនាក់ក៏បានបាត់ខ្លួនផងដែរ។ ស្ត្រីរងគ្រោះម្នាក់បានរៀបរាប់ទាំងក្តុកក្តួលថា គ្រួសាររបស់គាត់ត្រូវបានទឹកហូរនាំយកទៅបាត់នៅចំពោះមុខ ដោយរូបគាត់និងកូនប្រុសអាចរួចជីវិត ដោយសារតែតោងឡើងទៅលើដំបូលផ្ទះទាន់ពេលវេលា។
តាមកាសែតBBC អាជ្ញាធរនេប៉ាល់ កាលពីដំបូង មានការសង្ស័យថាអាចមានគ្រោះរញ្ជួយដីកើតឡើងមុនពេលមានទឹកជំនន់ ប៉ុន្តែ បច្ចុប្បន្ន អង្គការអង្កេតភូមិសាស្ត្រអាម៉េរិក (USGS) បានបញ្ជាក់ថា ថាមពលរញ្ជួយដែលគេកត់ត្រាបាននោះ គឺពិតជាកើតចេញពីការបាក់ដីប៉ុណ្ណោះ៕