ភ្នំពេញ៖ បណ្តាញសាកលវិទ្យាល័យ “ សុខភាពតែមួយ” ប្រចាំអាស៊ីអាគ្នេយ៍- Southeast Asia One Health University Network (SEAOHUN) ផ្តល់អាហារូបករណ៍សម្រាប់ការស្រាវជ្រាវអំពីសុខភាពមនុស្ស សត្វ និងបរិស្ថានដែលរងប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ដើម្បីដោះស្រាយបញ្ហាសុខភាពដែលគំរាមកំហែងដោយការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមគេហទំព័រផ្លូវការរបស់ SEAOHUN បានឱ្យដឹងថាបេក្ខជនដែលបានជ្រើសរើសនឹងទទួលបានថ្លៃធ្វើដំណើរទៅកាន់អង្គការដៃគូរបស់កម្មវិធីនៅក្នុងប្រទេសជាសមាជិក ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ការស្នាក់នៅ អាហារ និងការចំណាយនានា។ ជាពិសេស គឺជាការដកពិសោធន៍ និងសិក្សាស្រាវជ្រាវដោយផ្ទាល់នៅតាមអង្គការដែលជាដៃគូពីរយៈពេល៣ខែ ទៅ៤ខែ។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួមបេក្ខជនត្រូវតែជាប្រជាជននៅក្នុងប្រទេសជាសមាជិកដែលរួមមានកម្ពុជា និងមានអាយុមិនលើសពី ៤០ឆ្នាំ ព្រមទាំងមានចំណេះដឹងភាសាអង់គ្លេសទាំងនិយាយ និងសរសេរ និងមានទំនាក់ទំនងល្អ។ ជាមួយគ្នានេះ បេក្ខជនត្រូវមានប្រវត្តិសិក្សាទាក់ទងនឹងសុខភាពសុខភាពសាធារណៈ វិទ្យាសាស្រ្តបរិស្ថាន ជីវៈសាស្ត្រ វេជ្ជសាស្ត្រសត្វ ឬជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធ រួមទាំងអាចធ្វើការនៅក្នុងអង្គការដែលត្រូវបានចាត់តាំងពីបី ទៅបួនខែ ដោយរាប់ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ខែកុម្ភៈ ឆ្នាំ២០២៧។
គួបញ្ជាក់ថា អង្គការដែលជាដៃគូនៅកម្ពុជាគឺអង្គការស្បៀងអាហារពិភពលោក ហើយកម្មវិធីអាហារូបករណ៍ស្រាវជ្រាវមួយនេះគឺសម្រាប់និស្សិតដែលមានជំនាញពាក់ព័ន្ធទូទៅ និងមិនមែនសម្រាប់តែនិស្សិតជំនាញវិជ្ជសាស្រ្តនោះទេ។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍អាចចូលទៅអានព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦៕