Swift cc time

មេចារកម្ម CIA អាម៉េរិកទៅទស្សនកិច្ចនៅរុស្ស៊ីដោយសម្ងាត់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 មេចារកម្មអាម៉េរិក លោក John Ratcliffe 

អាម៉េរិក៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលសហរដ្ឋអាម៉េរិក (CIA) បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូសម្រាប់កិច្ចពិភាក្សាដែលមិនបានប្រកាសទុកជាមុន ទីភ្នាក់ងារ CBS ដែលជាដៃគូព័ត៌មានអាម៉េរិករបស់ BBC បានរាយការណ៍ថា មេចារកម្មអាម៉េរិក លោក John Ratcliffe បានទៅដល់ទីក្រុងមូស្គូនៃប្រទេសរុស្ស៊ីនៅព្រឹកថ្ងៃអង្គារ ទាំងសហរដ្ឋអាម៉េរិក និងរុស្ស៊ីមិនបានបញ្ជាក់ពីលក្ខណៈនៃដំណើរទស្សនកិច្ច ឬអ្នកណាដែលលោកត្រូវជួបនោះទេ ដោយកិច្ចពិភាក្សាផ្ទាល់រវាងមន្ត្រីជាន់ខ្ពស់អាម៉េរិក និងរុស្ស៊ីគឺរឿងកម្រកើតមានណាស់។

បើតាម CBS news ទិន្នន័យតាមដានជើងហោះហើរបានបញ្ជាក់ថា យន្តហោះយោធាអាម៉េរិកដ៏ធំមួយបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីពីសហរដ្ឋអាម៉េរិកតាមរយៈប្រទេសឡាតវីកាលពីថ្ងៃអង្គារ ដោយជាជើងហោះហើរត្រង់ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី។ ផ្អែកតាមវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា យន្តហោះដឹកជញ្ជូន C-17 បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Vnukovo របស់ទីក្រុងមូស្គូ អមជាមួយនឹងក្បួនរថយន្តការទូតមួយកំពុងធ្វើដំណើរឆ្លងកាត់ទីក្រុងមូស្គូ។

យន្តហោះដឹកជញ្ជូន C-17 បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Vnukovo របស់ទីក្រុងមូស្គូ/ រ៉យទ័រ 

ប្រភពដដែលរាយការណ៍ទៀតថាមុនពេលធ្វើដំណើរ សហរដ្ឋអាម៉េរិកបានប្រាប់អ៊ុយក្រែនថា គណៈប្រតិភូជាន់ខ្ពស់មួយក្រុមនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ហើយបានស្នើសុំឱ្យអ៊ុយក្រែនផ្អាកការវាយប្រហាររហូតដល់ពួកគេចាកចេញ។ ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាម៉េរិករូបនេះគឺជាដំណើរលើកដំបូងរបស់លោក Ratcliffe ទៅកាន់ប្រទេសរុស្ស៊ីក្នុងនាមជានាយក CIA។

បើតាមលោក John Foreman ដែលធ្លាប់បម្រើការជាអនុព័ន្ធយោធាអង់គ្លេសប្រចាំទីក្រុងមូស្គូរវាងឆ្នាំ ២០១៩ និង ២០២២ បានប្រាប់កម្មវិធី PM របស់វិទ្យុ Radio 4 ថា ដំណើរនេះអាចផ្តោតលើ ការគ្រប់គ្រងការកើនឡើង ដោយសារតែសកម្មភាពយន្តហោះគ្មានមនុស្សបើកថ្មីៗនេះនៅក្នុងប្រទេសអាល្លឺម៉ង់អាចជាប់ទាក់ទងនឹងប្រទេសរុស្ស៊ី។ លោកបញ្ជាក់ទៀតថា ជាធម្មតាជនជាតិអាម៉េរិកមិនបញ្ជូនមន្ត្រីជាន់ខ្ពស់បែបនេះទៅកាន់ទីក្រុងមូស្គូដោយមិនបានប្រកាសជាមុនក្នុងរយៈពេលខ្លីទេ លុះត្រាតែមានអ្វីមួយកើតឡើងសំខាន់ខ្លាំង។ លោក Foreman បន្ថែមទៀតថាដំណើរទស្សនកិច្ចនេះក៏អាចទាក់ទងនឹងការដោះលែងអ្នកជាប់ឃុំឃាំងជនជាតិអាម៉េរិកដែលកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសរុស្ស៊ីជាដើម៕

Khcct banner

អត្ថបទទាក់ទង