ភ្នំពេញ៖ កម្ពុជាបន្តបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជាចំនួន ១៨៤នាក់ ក្នុងនោះមានយោធិនជានារី ២៨នាក់ ស្មើនឹង១៥ភាគរយ ជាកងប្ដូរវេនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។ លើសពីនេះ កងវិស្វកម្មលេខ៨៦៤ ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺន ជំនាញច្បាស់លាស់មុនត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនេះ។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រោមការអញ្ជើញចូលរួមរបស់លោក នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រី វ្ល៉ាដានកា អាន់ឌ្រេវ៉ា បានបញ្ជាក់ថា ការបញ្ជូនកងកម្លាំងរបស់កម្ពុជា ក្នុងការចូលរួមរក្សាសន្តិភាពពិភពលោក គឺជាការបញ្ជាក់ជាថ្មីរបស់កម្ពុជាក្នុងការប្ដេជ្ញាចិត្តចំពោះគោលការណ៍នានា នៃធម្មនុញ្ញរបស់ UN រួមមានសន្តិភាព សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ និងវិបុលភាពរបស់ទាំងអស់គ្នា។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ក្នុងដំណើរទៅបំពេញបេសកកម្ម ចូលរួមរក្សាសន្តិភពពិភពលោក ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនេះ គឺពិតជាបានលើកនូវកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្រោមស្មារតីទទួលខុសត្រូវ ដើម្បីជាប្រយោជន៍រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពពិភពលោក។ លោកក៏បានផ្ដាំផ្ញើដល់កងកម្លាំងវិស្វកម្មដែលនឹងត្រូវទៅបំពេញបេសកកម្មថ្មី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូនបទបញ្ជា បទវិន័យ និងលក្ខន្តិកៈនានា របស់អង្គការសហប្រជាជាតិ មានវិជ្ជាជីវៈ និងមានក្រមសីលធម៌ល្អ ។
គួរបញ្ជាក់ថា រយៈពេល២០ឆ្នាំមកនេះ គឺចាប់តាំងពីក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមករាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ ចំនួន ១០ ៧២៦នាក់ (នារី ១ ០៥២នាក់) មាននៅប្រទេសចំនួន១០ ក្នុងនោះមាននៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈបច្ចុប្បន្ន នៅមានកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មនៅ៤ប្រទេស មានស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្ដាល និងប្រទេសកុងហ្គោ ចំនួន៤៧៣នាក់៕