អាម៉េរិក៖ សេវាសម្ងាត់អាម៉េរិកបានប្រកាសថា ខ្លួនបានដឹងអំពីវីដេអូមួយដែលចាក់ផ្សាយដោយអ្នកផ្សាយព័ត៌មានរដ្ឋអ៊ីរ៉ង់ ដែលបានគំរាមកំហែងដល់អាយុជីវិតរបស់លោក បារ៉ុន ត្រាំ ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតី ដូណាល់ត្រាំ។ អ្នកនាំពាក្យសេវាសម្ងាត់លោក Nate Herring បានប្រាប់ CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាសម្ងាត់អាម៉េរិកបានដឹងអំពីវីដេអូនេះដែលចេញផ្សាយដោយអ៊ីរ៉ង់ហើយ ហើយពេលនេះភ្នាក់ងារសម្ងាត់កំពុងតែស៊ើបអង្កេតលើអ្វីៗគ្រប់យ៉ាងដែលធ្វើទៅបាន និងបន្ថែមការការពារលើកូនរបស់លោកប្រធានាធិបតីបន្ថែមទៀត។
បើតាមប្រភពអនុវត្តច្បាប់សហព័ន្ធបានប្រាប់ CNN ទៀតថាវីដេអូនេះគឺជាផ្នែកមួយនៃយុទ្ធនាការវីដេអូពីអ៊ីរ៉ង់ដែលកំណត់គោលដៅវាយប្រហារលើក្រុមគ្រួសាររបស់លោកប្រធានាធិបតីត្រាំផ្ទាល់ ដោយក្នុងនោះមានវីដេអូមួយចំនួនបានរួមបញ្ចូលព័ត៌មានលម្អិតអំពីព័ត៌មាន និងការផ្ដល់យោបល់សម្រាប់ការសម្លាប់សមាជិកគ្រួសារប្រធានាធិបតី ហើយពេលនេះប្រតិបត្តិការការពារត្រូវបានផ្លាស់ប្តូរ និងកែតម្រូវឥតឈប់ឈរដោយផ្អែកលើព័ត៌មានសន្តិសុខជាច្រើនពីសេវាសម្ងាត់ ភ្នាក់ងារផ្សេងទៀតដែលទទួលខុសត្រូវលើកការការពារសុវត្ថិភាពក្រុមគ្រួសាររបស់លោកប្រធានាធិបតី។
លោកប្រធានាធិបតី ត្រាំ ក៏ធ្លាប់បានពិភាក្សាជាសាធារណៈអំពីការគំរាមកំហែងរបស់អ៊ីរ៉ង់មកលើជីវិតរបស់លោក និងក្រុមគ្រួសាររបស់លោក លោកធ្លាប់បានអះអាងកាលពីខែកក្កដាថា លោកស្ថិតនៅក្នុងបញ្ជីណាមួយរបស់អ៊ីរ៉ង់ រហូតមកដល់ពេលនេះ លោកគិតថាលោកមានសំណាងបន្តិច ប៉ុន្តែប្រហែលជាវាមិនមានរយៈពេលយូរទេ លោកថាអ៊ីរ៉ង់ជាមនុស្សអាក្រក់បំផុត។
គួររម្លឹកថាទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយវីដេអូរយៈពេលប្រមាណ ៣ នាទី ដោយផ្តោតលើកូនប្រុសរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គឺលោក Barron Trump ព្រមទាំងបានប្រកាសពីការផ្តល់រង្វាន់ដល់ទៅ ១០ លានដុល្លារ សម្រាប់អ្នកដែលតាមដាន ឬចូលទៅជិត និងសម្លាប់កូនប្រុសពៅ រឺសមាជិកគ្រួសាររបស់លោកប្រធានាធីបតីត្រាំណាម្នាក់៕