កាណាដា៖ ប្រទេសកាណាដាបានប្រកាសពន្ធតបវិញរហូតដល់ ៥០% លើទំនិញជាច្រើនប្រភេទរបស់សហរដ្ឋអាម៉េរិកដែលធ្វើការនាំចូលទៅកាន់ទីផ្សាររបស់កាណាដា ចំណាត់ការនេះធ្វើឡើងដើម្បីសងសឹកចំពោះរលកនៃការយកពន្ធចុងក្រោយបំផុតលើការនាំចូលរបស់ប្រទេសកាណាដាដែលដាក់ដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍មុន។ មន្ត្រីកាណាដាបានប្រកាសនៅថ្ងៃអង្គារថា ពន្ធរបស់ប្រទេសកាណាដានឹងអនុវត្តចំពោះផលិតផលអាម៉េរិកដែលមានតម្លៃជិត ២៨ ពាន់លានដុល្លារកាណាដា (២០ ពាន់លានដុល្លារ) ចាប់ពីដែកថែបរហូតដល់គ្រឿងសង្ហារឹម ត្រីធូណាស្រស់ និងអាវយឺត និងទំនិញជាច្រើនប្រភេទទៀត។
បើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោក François-Philippe Champagne បានបញ្ជាក់ថា ការសងសឹករបស់ប្រទេសកាណាដាគឺជាការឆ្លើយតបទៅនឹងពន្ធ ៥០% ដែលដាក់ដោយរដ្ឋបាលលោកត្រាំដែលបានដាក់លើ លើទំនិញជាច្រើនប្រភេទរបស់កាណាដា បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មបានបរាជ័យកាលពីថ្ងៃសុក្រ។ លោកមានប្រសាសន៍ថាទៀតថា ពន្ធទាំងនោះនឹងមានផលវិបាកពិតប្រាកដសម្រាប់កម្មករ អាជីវកម្ម និងសហគមន៍កាណាដានៅទូទាំងប្រទេសរបស់យើង តែកាណាដាត្រូវតែឆ្លើយតបចំពោះទង្វើរដែលមិនអាចទទួលយកបានរបស់រដ្ឋបាលលោក ត្រាំ។ លោក Champagne បានចាត់ទុកវិធានការសងសឹករបស់កាណាដាថាជាសមាមាត្រ និងមានហេតុផលត្រឹមត្រូវ។
លោកបន្ថែមទៀតថា ប្រទេសកាណាដាក៏នឹងផ្តល់ជូនអាជីវកម្ម និងកម្មករដែលរងផលប៉ះពាល់ដោយពន្ធរបស់សហរដ្ឋអាម៉េរិកបន្ថែមទៀតចំនួន ៧.៥ ពាន់លានដុល្លារកាណាដាសម្រាប់កម្មវិធីគាំទ្រដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការបាត់បង់ការងារ និងរក្សាក្រុមហ៊ុនឲ្យនៅរស់រានមានជីវិត។
គួររម្លឹកថាខ្សែសង្វាក់ផ្គត់ផ្គង់ដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដោយមួយរយៈចុងក្រោយនេះទំហំពាណិជ្ជកម្មកើនឡើងដោយសារការប្រកាសពន្ធចុងក្រោយបំផុតដែលធ្វើឡើងពីសហរដ្ឋអាម៉េរិក និងកាណាដា ដែលនៅទីបំផុតប៉ះពាល់ដល់អាជីវកម្មគ្រប់ទំហំ និងអ្នកប្រើប្រាស់តាមរយៈតម្លៃដែលអាចកើនឡើង។ ការស្ទង់មតិបង្ហាញថា ប្រជាជនកាណាដាភាគច្រើនគាំទ្ររដ្ឋាភិបាលរបស់ពួកគេក្នុងការរក្សាជំហរប្រឆាំងនឹងសហរដ្ឋអាម៉េរិក។
លោក ត្រាំ បានបញ្ជាក់តាមបណ្តាញសង្គម Trust Social ដែលថាលោកដោះស្រាយជាមួយប្រទេសជាច្រើន ហើយប្រទេសកាណាដាគឺជាប្រទេសដែលពិបាក និងមិនសមហេតុផលបំផុតក្នុងការធ្វើពាណិជ្ជកម្មជាមួយអាម៉េរិក លោកថាកាណាដាមិនមែនជារដ្ឋទេ ហើយនឹងលែងមានសិទ្ធិទៀតហើយ លោកត្រាំ ក៏បានស្នើថាលោកនឹងផ្លាស់ប្តូរឈ្មោះបឹង Ontario ដែលជាបឹងធំមួយនៅព្រំដែនសហរដ្ឋអាម៉េរិក-កាណាដា ទៅជាបឹងអាម៉េរិក៕