ភ្នំពេញ៖ កម្មវិធីប្រកួតគំនិតអាជីវកម្មដែលរៀបចំដោយ Odoo និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បើកទទួលពាក្យជាផ្លូវការសម្រាប់និស្សិតនៅគ្រប់សាកលវិទ្យាល័យ និងនិស្សិតទើបបញ្ចប់ការសិក្សានៅកម្ពុជា បង្ហាញគំនិត និងភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងអាជីវកម្មតាមបែបបច្ចេកវិទ្យា។
បើយោងតាមគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីដាក់ពាក្យចូលរួមប្រកួតបេក្ខជនត្រូវបំពេញលក្ខខណ្ឌដូចជា ជានិស្សិតសាកលវិទ្យាល័យ ឬនិស្សិតទើបបញ្ចប់ការសិក្សា ដែលត្រូវមានសមាជិកក្រុមបីនាក់និងរៀននៅសាកលវិទ្យាល័យជាមួយគ្នា។ ក្នុងនោះ ត្រូវមានអ្នកដឹកនាំក្រុមម្នាក់ជាអ្នកចុះឈ្មោះសម្រាប់ក្រុមទាំងមូល។ នៅក្នុងការប្រកួត បេក្ខជនត្រូវជ្រើសរើសបញ្ហាណាមួយដែលកើតឡើងនៅក្នុងដំណើរការអាជីវកម្ម គោរពតាមលក្ខខណ្ឌដំណោះស្រាយដែលកម្មវិធីដាក់ឱ្យ និងជាចុងក្រោយធ្វើបទបង្ហាញ ព្រមទាំងពន្យល់គំនិតទាំងនោះទៅកាន់គណៈកម្មការ។
បើតាមប្រភពដដែល បេក្ខជនដែលចូលរួមប្រកួតនឹងទទួលបានអត្ថប្រយោជន៍ដូចជា ទទួលបានវគ្គបណ្តុះបណ្តាលទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម បង្កើតទំនាក់ទំនងជាមួយយុវជនដទៃទៀត និងជាពិសេស ក្រុមដែលជាប់ជ័យលាភីជើងឯកនឹងទទួលបានទឹកប្រាក់ ១០០០ដុល្លារ លេខ១រង ៦០០ដុល្លារ លេខ២ ៤០០ដុល្លារ ព្រមទាំងទទួលបានការឧត្ថម្ភ និងឱកាសការងារដែលផ្តល់ឱ្យដោយកម្មវិធី។
គួរបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃ០២ ខែតុលា ឆ្នាំ២០២៦៕