ឥណ្ឌូនេស៊ី៖ ពលរដ្ឋឥណ្ឌូនេស៊ី ជិត ៣០០០ នាក់ បានជួបជុំគ្នានៅទីក្រុងប៉ាឡេមបាំង (Palembang) ខេត្តស៊ូម៉ាត្រាខាងត្បូង ដើម្បីធ្វើពិធីថ្វាយបង្គំតាមសាសនាឥស្លាម «Salat Istisqa» សុំទឹកភ្លៀង ក្នុងគោលបំណងជួយពន្លត់ភ្លើងឆេះព្រៃ និងកាត់បន្ថយផ្សែងអ័ព្ទពុល ដែលកំពុងគ្របដណ្តប់ទីក្រុងបិទជិត។ គ្រោះអគ្គិភ័យដែលបង្កឡើងដោយបាតុភូត El Niño និងរដូវប្រាំងដ៏អូសបន្លាយនេះ បានដុតបំផ្លាញព្រៃឈើអស់ជិត ៩៤០ គីឡូម៉ែត្រការ៉េ កាលពីខែកក្កដា ព្រមទាំងបានភាយផ្សែងពុលឆ្លងដែនទៅដល់ប្រទេសម៉ាឡេស៊ី និងប្រុយណេទៀតផង។
យោងតាមការចុះផ្សាយរបស់កាសែតThe Star លោក Herman Deru អភិបាលខេត្តស៊ូម៉ាត្រាខាងត្បូង បានបញ្ជាក់ថា ពិធីបន់ស្រន់នេះធ្វើឡើងដើម្បីបន្ថែមលើវិធានការសង្គ្រោះដែលមានស្រាប់ និងជាការរួមប្រជាកម្លាំងគ្នាប្រឈមមុខនឹងវិបត្តិបរិស្ថានដ៏ធ្ងន់ធ្ងរមួយនេះ។
ជាការឆ្លើយតប អាជ្ញាធរឥណ្ឌូនេស៊ីបានពង្រាយយន្តហោះ និងឧទ្ធម្ភាគចក្រជាង ៥០ គ្រឿង ដើម្បីធ្វើប្រតិបត្តិការបង្កើនទឹកភ្លៀងសប្បនិម្មិត និងទម្លាក់ទឹកពន្លត់អគ្គិភ័យនៅតំបន់ស៊ូម៉ាត្រា និងកាលីម៉ាន់តាន់។
នគរបាលឥណ្ឌូនេស៊ីបានចាប់ខ្លួនមនុស្ស ៧២ នាក់ និងកំពុងស៊ើបអង្កេតលើក្រុមហ៊ុនចំនួន ៤ ជុំវិញការសង្ស័យថាបានដុតឆ្ការព្រៃខុសច្បាប់ក្នុងតម្លៃថោក។ ទម្លាប់ដុតព្រៃធ្វើកសិកម្មនេះ តែងតែបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ ទាំងផលប៉ះពាល់លើសុខភាពសាធារណៈ ការរាំងស្ទះការដឹកជញ្ជូន និងការបង្កើតជម្លោះការទូតជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍៕