ជប៉ុន៖ ប្រជាពលរដ្ឋជប៉ុន និងអ្នកស្ម័គ្រចិត្តប្រមាណ ១៨០០ នាក់ បានជួបជុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីរួមគ្នារំកិលតួប្រាសាទបុរាណ ហ៊ីរ៉ូសាគី (Hirosaki Castle) ទម្ងន់ ៣៦០ តោន ឱ្យខិតជិតទីតាំងដើមបានជាង ២ ម៉ែត្រ។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃ project ជួសជុលឡើងវិញ ស្ថិតក្នុងខេត្តអាអូម៉ូរី (Aomori) ប្រទេសជប៉ុន។
យោងតាមការចេញផ្សាយរបស់កាសែតCNA ការទាញរំកិលតួប្រាសាទ ឬប៉មការពារដ៏ធំនេះ ធ្វើឡើងក្នុងគោលបំណងនាំយកប្រាសាទត្រឡប់ទៅរកគ្រឹះដើមវិញ បន្ទាប់ពីត្រូវ បានរំកិលចេញកាលពី ១១ ឆ្នាំមុន ដើម្បីឱ្យក្រុមជំនាញជួសជុល និងរៀបចំជញ្ជាំងថ្មជុំវិញ ដែលបានខូចខាតដោយសារគ្រោះរញ្ជួយដី។
តាមការបញ្ជាក់ គម្រោងទាញរំកិលប្រាសាទដោយដៃផ្ទាល់ ពីសំណាក់ប្រជាពលរដ្ឋ នឹងបន្តធ្វើឡើងរហូតដល់ចុងខែសីហា ហើយបន្ទាប់មក គ្រឿងចក្រនឹងត្រូវនាំយកមកជំនួសវិញ ដើម្បីជួយរំកិលចម្ងាយផ្លូវដែលនៅសល់រហូតដល់ទីតាំងដើមទាំងស្រុង នៅត្រឹមចុងឆ្នាំនេះ៕