Swift cc time

និស្សិតកម្ពុជា ជាប់ជា «ក្រុមឆ្នើមក្នុងចំណោម២៤០ក្រុម» នៅក្នុងកម្មវិធីប្រកួតបច្ចេកវិទ្យាលំដាប់អាស៊ាន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រុមនិស្សិត “AUPP-RehabAI” បានជាប់ជាក្រុមឆ្នើម និងជាក្រុមដែលធ្វើបទបង្ហាញបានល្អជាងគេនៅក្នុងចំណោមក្រុមប្រកួត ១៦ក្រុមចុងក្រោយ នៃក្រុមសរុប២៤០ក្រុម ដែលមកពីប្រទេសចំនួន១០ នៃសមាជិកអាស៊ាន។ ការប្រកួតនេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងដាណាង ប្រទេសវៀតណាម។

យោងតាមក្រុម “AUPP-RehabAI”ដែលជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឱ្យដឹងថា មុននឹងឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ ១៦ក្រុមចុងក្រោយនេះ ក្រុមនិស្សិតបានឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាល ហើយនៅក្នុងវគ្គជម្រុះដំបូងតម្រូវឱ្យក្រុមនីមួយៗលើកយកបញ្ហាណាមួយ ហើយស្វែងរក និងរៀបចំផែនការដោះស្រាយបញ្ហានោះ។

នៅក្នុងនោះ ក្រុមនិស្សិតកម្ពុជាបានលើកយកដំណោះស្រាយដែលជួយសម្រួលដល់ការធ្វើចលនាស្តារនីតិសម្បទា (Rehabilitation) ដើម្បីសម្រួលដល់អ្នកជម្ងឺដាច់សរសៃឈាមខួរក្បាល (Stroke) ដោយប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និង Computer Vision។ បន្ទាប់ពីជាប់វគ្គជម្រុះដំបូង កម្មវិធីតម្រូវឱ្យក្រុមនីមួយៗធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញ ថតវីដេអូ និងបង្កើតគំរូនៃគម្រោងសម្រាប់បង្ហាញជាបន្តបន្ទាប់។

បន្ថែមពីនេះ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ក្រុមនិស្សិតកម្ពុជាទទួលបានត្រូវបានជ្រើសរើសជាក្រុមឆ្នើមមួយក្នុងចំណោមក្រុមទាំង ១៦ និងជាក្រុមធ្វើបទបង្ហាញបានល្អជាងគេ ព្រមទាំងជាក្រុមតំណាងកម្ពុជាតែមួយគត់ ។ ក្រុម “AUPP-RehabAI” បានបន្តថា ការចូលរួមប្រកួតបានផ្តល់បទពិសោធន៍ជាច្រើនសម្រាប់សមាជិកក្រុម ក្នុងការបន្តអភិវឌ្ឍចំណេះដឹង ជំនាញ និងគំនិតច្នៃប្រឌិត ព្រមទាំងបន្តស្វែងរកវិធីប្រើប្រាស់បច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត ដើម្បីដោះស្រាយបញ្ហាផ្សេងៗក្នុងសង្គម។

គួរបញ្ជាក់ថា នេះជាសមិទ្ធផលមួយសម្រាប់យុវជនកម្ពុជាដែលបានបង្ហាញពីសក្តានុពល ក្នុងការយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមកប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាព និងបញ្ហាសង្គមជាក់ស្តែង៕


Khcct banner

អត្ថបទទាក់ទង