វៀតណាម៖ រដ្ឋសភាជាតិវៀតណាម កាលពីថ្ងៃចន្ទ បានអនុម័តសេចក្តីសម្រេចចិត្តក្នុងការបំបែកគម្រោងថាមពលនុយក្លេអ៊ែរ Ninh Thuận ឱ្យទៅជាគម្រោងឯករាជ្យចំនួន ៣ រួមមាន៖ គម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuận 1, គម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuận 2 និងគម្រោងផ្តល់សំណង គាំទ្រ ព្រមទាំងផ្លាស់ប្តូរទីលំនៅថ្មី។ សេចក្តីសម្រេចនេះ ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ពីសមាជិករដ្ឋសភាវៀតណាម ដើម្បីដោះស្រាយរាល់ឧបសគ្គផ្លូវច្បាប់ និងពន្លឿនការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់ប្រទេសវៀតណាម តាមរយៈការអនុញ្ញាតឱ្យគម្រោងនីមួយៗអាចអនុវត្តនីតិវិធីវិនិយោគដោយឯករាជ្យ។
យោងតាមការចេញផ្សាយរបស់កាសែត Vietnam News លោក Ngô Văn Tuấn រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានគូសបញ្ជាក់ថា ការកែទម្រង់រចនាសម្ព័ន្ធនេះ គឺមានភាពចាំបាច់ដើម្បីបញ្ចប់ភាពស្មុគស្មាញផ្នែកច្បាប់ដែលអូសបន្លាយតាំងពីឆ្នាំ ២០០៩ មក។ ការបំបែកជាគម្រោងដាច់ដោយឡែកពីគ្នា នឹងជួយឱ្យគម្រោងនីមួយៗអាចដំណើរការនីតិវិធីសុំការអនុម័តពីនាយករដ្ឋមន្ត្រី ឬរដ្ឋសភាបានលឿនជាងមុន ដោយមិនចាំបាច់រង់ចាំ ឬពឹងផ្អែកលើការវិវឌ្ឍនៃគម្រោងផ្សេងទៀតនោះឡើយ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ទោះបីជាបំបែកចេញពីគ្នាក៏ដោយ ក៏គម្រោងទាំង ៣ នេះ នៅតែស្ថិតក្រោមការត្រួតពិនិត្យ និងសម្របសម្រួលជារួមពីគណៈកម្មាធិការពិសេសរបស់រដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពនុយក្លេអ៊ែរ បរិស្ថាន និងសន្តិសុខជាតិ។
ដើម្បីចៀសវាងការខាតបង់ថវិកា និងពេលវេលា សេចក្តីសម្រេចថ្មីនេះក៏បានអនុញ្ញាតឱ្យគម្រោងដែលបំបែកថ្មី អាចបន្តស្នង និងប្រើប្រាស់រាល់ទិន្នន័យ ព្រមទាំងលទ្ធផលការងារកន្លងមកបានទាំងស្រុង។ តាមការរំពឹងទុក យន្តការថ្មីនេះនឹងផ្តល់ជាមូលដ្ឋានគ្រឹះផ្លូវច្បាប់ដ៏រឹងមាំ ក្នុងការជំរុញឱ្យការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuận អាចលេចចេញជារូបរាងឡើងនាពេលខាងមុខ៕