អ៊ីរ៉ង់៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយវីដេអូរយៈពេលប្រមាណ ៣ នាទី ដោយផ្តោតលើកូនប្រុសរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គឺលោក Barron Trump ព្រមទាំងបានលើកឡើងអំពីប្រាក់រង្វាន់ចំនួន ១០ លានដុល្លារ សម្រាប់អ្នកដែលតាមដាន ឬចូលទៅជិតរូបគេបាន។នេះជាការគំរាមកំហែងយ៉ាងចំហ និងកម្រមានបំផុតលើសមាជិកគ្រួសារផ្ទាល់របស់ប្រធានាធិបតីអាម៉េរិក។
យោងតាមការចេញផ្សាយរបស់កាសែត Iran International វីដេអូនោះបានបង្ហាញពីរូបភាពក្រាហ្វិកបែបស៊ើបការណ៍ ការតាមដានលើបណ្តាញសង្គម និងការប៉ុនប៉ងទម្លុះប្រព័ន្ធការពាររបស់ភ្នាក់ងារសម្ងាត់អាម៉េរិក (Secret Service)។ ទោះជាយ៉ាងណា មិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថា ការប៉ុនប៉ងចូលទៅជិតលោក Barron Trump បានសម្រេចនោះឡើយ។
ការផ្សព្វផ្សាយនេះបានធ្វើឡើង បន្ទាប់ពីស្ថានការណ៍តានតឹងបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យមានការអំពាវនាវសងសឹកយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមរឹងរូសក្នុងប្រទេសអ៊ីរ៉ង់។
ថ្វីបើកន្លងមក អាម៉េរិកធ្លាប់បានចោទប្រកាន់អ៊ីរ៉ង់ជុំវិញផែនការប៉ងឃាតលើលោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាម៉េរិកផ្សេងទៀត ដើម្បីសងសឹកឱ្យលោក Qasem Soleimani ប៉ុន្តែការបង្វែរគោលដៅគំរាមកំហែងមកលើសមាជិកគ្រួសាររបស់ប្រធានាធិបតីបែបនេះ ត្រូវបានគេមើលឃើញថាជាការបោះជំហានបង្កើនកំដៅពាក្យសម្តីដ៏គ្រោះថ្នាក់មួយកម្រិតទៀត៕