វៀតណាម៖ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យ Viet Duc ក្នុងក្រុងហាណូយ បានធ្វើការវះកាត់ជួយសង្គ្រោះជីវិត និងស្តារប្រព័ន្ធរំលាយអាហារឡើងវិញដោយជោគជ័យ ជូនដល់បុរសអាយុ ៥៣ ឆ្នាំម្នាក់ មកពីភាគខាងត្បូងប្រទេសវៀតណាម បន្ទាប់ពីរូបលោកបានច្រឡំផឹកទឹកលាងបង្គន់ បណ្តាលឱ្យរលាកធ្ងន់ធ្ងរដល់បំពង់អាហារ និងខូចខាតក្រពះទាំងស្រុង។ នេះបើតាមការប្រកាសឱ្យដឹងពីលោកវេជ្ជបណ្ឌិត Nguyen Xuan Hoa អនុប្រធានមជ្ឈមណ្ឌលវះកាត់ផ្លូវរំលាយអាហារ កាលពីថ្ងៃទី ២៣ ខែសីហា។
យោងតាមការចេញផ្សាយរបស់កាសែត VNExpress ដំបូងឡើយ អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុង Can Tho ដោយបានទទួលការវះកាត់កាត់ក្រពះចេញទាំងស្រុង និងសម្រាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់អស់រយៈពេល ២ ខែ មុនពេលបញ្ជូនបន្តមកមន្ទីរពេទ្យ Viet Duc។ ការឆ្លុះពិនិត្យបង្ហាញថា មានស្នាមរលាក និងការរួមតូចចង្អៀតទាំងស្រុងនៅប្រហោងមាត់ និងបំពង់កភាគខាងក្រោម ដែលធ្វើឱ្យអ្នកជំងឺបាត់បង់ផ្លូវអាហារធម្មជាតិ។
ដើម្បីស្តារសមត្ថភាពហូបចុកតាមមាត់ឡើងវិញ ក្រុមគ្រូពេទ្យបានសហការជាមួយមន្ទីរពេទ្យត្រចៀក ច្រមុះ បំពង់កជាតិ ធ្វើការវះកាត់ជាពីរដំណាក់កាល ដោយបង្កើតផ្លូវអាហារថ្មីតាមរយៈ pyriform sinus ខាងស្តាំ និងកាត់ផ្នែកខ្លះនៃពោះវៀនធំមកធ្វើជាបំពង់អាហារជំនួស។ ក្រោយការវះកាត់ និងការហ្វឹកហាត់លេបអាហារយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជិត ២ ខែ បច្ចុប្បន្នអ្នកជំងឺអាចផឹកទឹក និងចាប់ផ្តើមហូបចុកតាមមាត់ឡើងវិញជាបណ្តើរៗហើយ ខណៈមូលហេតុនៃការច្រឡំផឹកទឹកលាងបង្គន់នោះ មិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយទេ៕