Swift cc time

ក្រសួងអប់រំរៀបចំព្រឹត្តិការណ៍«ស្នាដៃគំនូរកុមារ» ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា លើកទី២៩ ឆ្នាំ២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី២៤ សីហា ២០២៦ បានប្រកាសរៀបចំ«ព្រឹត្តិការណ៍ស្នាដៃគំនូរកុមារ» ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦។ កម្មវិធីនេះមានគោលបំណងលើកទឹកចិត្តដល់សិស្សានុសិស្សកម្រិតបឋមសិក្សាទាំងសាធារណៈ និងឯកជន ឱ្យចូលរួមបញ្ចេញទេពកោសល្យ និងគំនិតច្នៃប្រឌិត ដើម្បីបង្ហាញការដឹងគុណ គោរពស្រឡាញ់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាល និងអប់រំកុមារឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។

 

យោងតាមគេហទំព័រ ក្រសួងអប់រំ  បានឱ្យដឹងថា ស្នាដៃគំនូរត្រូវគូរលើក្រដាសទំហំ A3 ដោយប្រើប្រាស់ខ្មៅដៃពណ៌ ហ្វឺតពណ៌ គូល័រទៀន គូល័រទឹក ឬគូល័រប្រេង ហើយមិនអនុញ្ញាតឱ្យប្រើប្រាស់គំនូរក្រាហ្វិកឌីជីថលនោះឡើយ។ នៅខាងក្រោយផ្ទាំងគំនូរ សិស្សត្រូវកត់ត្រាព័ត៌មានផ្ទាល់ខ្លួន និងសាលារៀន ព្រមទាំងភ្ជាប់មកជាមួយនូវសំណេររៀបរាប់ខ្លីៗពីអត្ថន័យគំនូរចំនួន ៤ ទៅ ៥ ជួរនៅលើក្រដាស A4 ដោយសរសេរដៃ។ កុមារអាចជ្រើសរើសប្រធានបទមួយក្នុងចំណោមប្រធានបទទាំងបី រួមមាន «លោកគ្រូ អ្នកគ្រូ ធ្វើឱ្យខ្ញុំស្រលាញ់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា», «លោកគ្រូ អ្នកគ្រូ មានវិធីសាស្ត្របង្រៀន ដែលធ្វើឱ្យខ្ញុំចង់រៀន និងរៀនពូកែ» និង «លោកគ្រូ អ្នកគ្រូ បង្រៀនខ្ញុំឱ្យស្រឡាញ់មាតុភូមិ និងពិភពលោក»។

 

តាមការកំណត់ កុមារនឹងចាប់ផ្តើមគូរគំនូរនៅតាមសាលារៀនរៀងៗខ្លួនចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ គណៈគ្រប់គ្រងសាលានឹងធ្វើការវាយតម្លៃជ្រើសរើសស្នាដៃឆ្នើមៗចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា រួចបញ្ជូនទៅកាន់មន្ទីរអប់រំរាជធានី-ខេត្ត និងបន្តទៅកាន់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ស្នាដៃដែលទទួលបានការជ្រើសរើសនឹងត្រូវយកទៅដាក់តាំងពិព័រណ៍ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំ ព្រមទាំងចងក្រងជាសៀវភៅអនុស្សាវរីយ៍ផងដែរ៕

Khcct banner

អត្ថបទទាក់ទង