ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត ចំនួន ១៧៣កន្លែងដល់និស្សិតនៅក្នុងខេត្តកំពង់ធំ។ អាហារូបករណ៍ដែលផ្តល់ឱ្យនិស្សិតរួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២កន្លែង ថ្នាក់បរិញ្ញាបត្រ ១៦៥កន្លែង និងថ្នាក់ភាសាបរទេសរយៈពេល១ឆ្នាំ ចំនួន ៦កន្លែង។
យោងតាមរដ្ឋបាលខេត្តកំពង់ធំ អាហារូបករណ៍នេះនឹងផ្តល់ឱ្យនិស្សិតនៅក្នុងខេត្តកំពង់ធំដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យដូចជា សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យព្រះមហាសង្ឃរាជបួរ គ្រី សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងសាលាភាសាបរទេស ខេម-អាស៊ាន។
គួរបញ្ជាក់ថា អាហារូបករណ៍នេះសម្រាប់តែនិស្សិតនៅក្នុងខេត្តកំពង់ធំតែប៉ុណ្ណោះ ហើយបេក្ខជនដែលមានបំណងដាក់ពាក្យ អាចដាក់ពាក្យតាមរយៈ QR Code ឬតាមរយៈលេខទូរស័ព្ទ ០៨៩ ៥៣៨ ៥០៨ និង ០៩២ ៤៥៦ ០៣៧៕