ភ្នំពេញ៖ ក្រសួងទេសចរណ៍ រៀបចំប្រកួតផលិតវីដេអូខ្នាតខ្លី ដែលអនុញ្ញាតឱ្យសាធារណៈជនដែលមានចំណូលចិត្តផ្នែកផលិតវីដេអូបានបង្ហាញនូវសម្ថភាព និងភាពច្នៃប្រឌិតតាមរយៈវីដេអូក្រោមប្រធានបទ “ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦”។ កម្មវិធីនេះ ធ្វើឡើងដើម្បីបំផុសស្មារតីផ្សព្វផ្សាយអំពីសក្តានុពលតំបន់ទេសចរណ៍នៅកម្ពុជាតាមរយៈវីដេអូ។ ក្នុងការប្រកួតនេះ បេក្ខជនជ័យលាភីនឹងអាចមានឱកាសក្លាយជា ទូតសុឆន្ទៈទេសចរណ៍កម្ពុជា របស់ក្រសួងទេសចរណ៍។
យោងតាមក្រសួងទេសចរណ៍ ការប្រកួតនេះបើកជូនសម្រាប់សាធារណៈជនដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ហើយបេក្ខជនអាចចូលរួមបានទាំងជាលក្ខណៈបុគ្គល និងជាក្រុម។ ក្នុងនោះ វីដេអូដែលដាក់ប្រកួតត្រូវមានរយៈពេលពី ១ទៅ៣នាទី ជាទម្រង់បញ្ឈរ និងជា File MP4 ដែលមានគុណភាព និងសំឡេងច្បាស់ល្អ ព្រមទាំងជាស្នាដៃដែលមិនលួចចម្លងពីអ្នកដទៃ។ ចំណែកខ្លឹមសារវីដេអូវិញ ត្រូវបង្ហាញអំពីតំបន់ទេសចរណ៍ រមនីយដ្ឋាន វប្បធម៌ និងម្ហូបអាហារ ជីវភាពរស់នៅប្រជាជន និងបទពិសោធន៍កម្សាន្តផ្សេងៗ រួមទាំងត្រូវរំលេចអំពីទំនួលខុសត្រូវចំពោះបរិស្ថានផងដែរ។
គួរបញ្ជាក់ថា លើសពីឱកាសក្លាយជាទូតសុឆន្ទៈ បេក្ខជននឹងទទួលបានរង្វាន់លើកទឺកចិត្តផ្សេងទៀតដែលសរុបជាទឹកប្រាក់ ៤០០០០០ រៀល។ បេក្ខជន ដែលមានចំណាប់អារម្មណ៍អាចដាក់ប្រកួតវីដេអូតាមរយៈ QR code រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៕