Swift cc time

នូវែលសេឡង់ ព្រាងច្បាប់ហាមឃាត់កុមារក្រោម ១៦ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

នូវែលសេឡង់៖ រដ្ឋាភិបាលចម្រុះអភិរក្សនិយមរបស់ប្រទេសនូវែលសេឡង់បានប្រកាសដាក់ចេញសេចក្តីព្រាងច្បាប់មួយនៅក្នុងសភានៅថ្ងៃចន្ទនេះ ដើម្បីហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងស្នើពិន័យរហូតដល់ ១០ ភាគរយនៃប្រាក់ចំណូលសកលរបស់បណ្តាញសង្គមៗនាៗដែលមិនអនុលោមតាមច្បាប់ថ្មិរបស់ខ្លួន។ សេចក្តីព្រាងច្បាប់នេះនឹងតម្រូវឱ្យ ប្រព័ន្ធផ្សព្វផ្សាយសង្គមចាត់វិធានការសមហេតុផលដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ រួមទាំងការប្រើប្រាស់ព័ត៌មានគណនីដែលមានស្រាប់ បច្ចេកវិទ្យាសម្គាល់មុខអ្នកប្រើប្រាស់ និងឯកសារអត្តសញ្ញាណឌីជីថលដើម្បីប្រាកដថាអ្នកដែលប្រើប្រាស់នោះសុទ្ធតែអាយុលើ ១៦ ឆ្នាំ។

បើតាមនាយករដ្ឋមន្ត្រី នូវែលសេឡង់ លោក Christopher Luxon បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងមិនអាចទទួលយកគ្រោះថ្នាក់ដែលកំពុងកើតឡើងចំពោះកុមារនូវែលសេឡង់បានទៀតទេ។ លោក Luxon ថាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងបង្ហាញក្មេងៗនូវខ្លឹមសារដែលបង្កគ្រោះថ្នាក់ បច្ចេកវិទ្យាញៀន និងសម្ពាធដែលពួកគេមិនមានសមត្ថភាពក្នុងការដោះស្រាយ ហើយវាកំពុងប៉ះពាល់ដល់ជីវិតគ្រួសារ សុខភាពផ្លូវចិត្ត ការគេង និងការអប់រំរបស់ពួកគេជាខ្លាំង។ លោកបន្ថែមទៀតថា យើងមានការព្រួយបារម្ភអំពីច្បាប់ដែលបានស្នើឡើង និងទិសដៅ និងបញ្ហាប្រឈមមួយចំនួនដែលប្រទេសរបស់យើងជៀសមិនរួច។

ទោះជាយ៉ាងណាក៏ដោយនៅមិនច្បាស់ភ្លាមៗទេថាតើសេចក្តីព្រាងច្បាប់នេះនឹងទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីឆ្លងកាត់សភាដែរឬទេ ដោយដៃគូចម្រុះមួយទៀតរបស់លោក Luxon គឺគណបក្ស New Zealand First បាននិយាយថាខ្លួននឹងមិនគាំទ្រសេចក្តីព្រាងច្បាប់នេះនោះទេទេ។

គួររម្លឹកថា កាលពីខែធ្នូ ប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោកដែលហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ ដោយរារាំងពួកគេពីការប្រើប្រាស់បណ្តាញសង្គមជាច្រើន រួមទាំង TikTok, YouTube, Instagram និង Facebook និងបណ្តាញសង្គមជាច្រើនទៀត៕

Khcct banner

អត្ថបទទាក់ទង