Swift cc time

វប្បធម៌បង្ខំឱ្យផឹកស៊ីជួបជុំ ធ្វើឱ្យបុគ្គលិកវ័យក្មេងនៅកូរ៉េខាងត្បូង ចង់ឈប់ធ្វើការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កូរ៉េខាងត្បូង៖ វប្បធម៌បង្ខំឱ្យផឹកគ្រឿងស្រវឹងនៅក្នុងកម្មវិធីជួបជុំក្រុមហ៊ុន ក្នុងប្រទេសកូរ៉េខាងត្បូង កំពុងតែក្លាយជាឬសគ់នៃជម្លោះរវាងមនុស្សជំនាន់ផ្សេងគ្នា។ ខណៈមនុស្សជំនាន់មុនចូលចិត្តផឹកស៊ីជួបជុំ ក្រុមបុគ្គលិកវ័យក្មេង Gen Z និង Millennials បែរជាមាននិន្នាការកាត់បន្ថយការផឹកគ្រឿងស្រវឹង និងបដិសេធទម្លាប់ចាស់ៗទាំងនោះ។ សម្រាប់យុវជនជំនាន់ថ្មី សម្ពាធនៃការបង្ខំឱ្យផឹកស្រាក្នុងកន្លែងធ្វើការ គឺជាសេចក្តីតានតឹងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដែលធ្វើឱ្យពួកគេគិតគូរចង់លាលែងពីការងារ ដោយសារពួកគេផ្តោតសំខាន់លើការសន្សំសំចៃថវិកា និងការថែរក្សាសុខភាព ដូចជាការហាត់ប្រាណ ឬរត់ប្រណាំងជំនួសវិញ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតThe Korea Times។

យោងតាមទិន្នន័យជាតិកូរ៉េឆ្នាំ ២០២៤ បានបង្ហាញថា ប្រជាជនវ័យក្មេងអាយុពី ១៩ ដល់ ២៩ ឆ្នាំ ប្រមាណ ៥៦% មិនផឹកស្រាសោះ ឬផឹកមិនលើសពីមួយដងក្នុងមួយខែឡើយ ដោយពួកគេទទួលទានអាល់កុលជាមធ្យមត្រឹម ៦៤,៨ ក្រាមក្នុងមួយថ្ងៃ តិចជាងក្រុមមនុស្សអាយុ ៦០ ឆ្នាំឡើងទៅ។ ផ្ទុយទៅវិញ ក្រុមមនុស្សវ័យកណ្តាល និងមនុស្សចាស់នៅកូរ៉េខាងត្បូង នៅតែបន្តផឹកគ្រឿងស្រវឹងក្នុងកម្រិតធ្ងន់ធ្ងរ។

ការស្ទង់មតិសុខភាពសហគមន៍ឆ្នាំ ២០២៥ ដោយភ្នាក់ងារ KDCA បានបង្ហាញថា អត្រានៃការផឹកស្រាច្រើនប្រចាំខែក្នុងចំណោមបុរសអាយុ ៦០ និង ៧០ ឆ្នាំ បានកើនឡើងក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ ហើយអត្រានេះក៏បានកើនឡើងលើស្ត្រីអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ។

ទិន្នន័យពីអង្គការ OECD បានចាត់ថ្នាក់អត្រានៃការផឹកស្រាច្រើនប្រចាំខែរបស់កូរ៉េខាងត្បូងនៅលេខរៀងទី ៥ ក្នុងចំណោម ២៧ ប្រទេសស្ទង់មតិ ដោយមានប្រជាជនពេញវ័យ ១៣,៦% ប្រឈមនឹងការផឹកស្រាកម្រិតគ្រោះថ្នាក់ខ្ពស់។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា គ្មានកម្រិតនៃការផឹកស្រាណាមួយដែល «សុវត្ថិភាព» នោះទេ ហើយគ្រឿងស្រវឹងត្រូវបានចាត់ថ្នាក់ជាសារធាតុបង្កជំងឺមហារីកក្រុមទី ១ (Group 1 carcinogen)។

ការដើរចេញពីវប្បធម៌បង្ខំផឹកស្រារបស់យុវជនកូរ៉េ មិនមែនត្រឹមតែជាការផ្លាស់ប្តូរទម្លាប់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរផ្នត់គំនិតរវាងមនុស្សជំនាន់ថ្មី ចំពោះទស្សនៈលើសុខភាព លុយកាក់ ការងារ និងទំនាក់ទំនងសង្គមនៅក្នុងយុគសម័យថ្មីនេះ៕

Khcct banner

អត្ថបទទាក់ទង