អង់គ្លេស៖ នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ចក្រភពអង់គ្លេសថ្មី លោក Andy Burnham បានធ្វើដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវនៃប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះអ៊ុយក្រែនឥតងាករេ និងជាកិត្តិយសដល់ទិវាឯករាជ្យខួប ៣៥ឆ្នាំនៃការប្រកាសឯករាជ្យពីសហភាពសូវៀតកាលពីឆ្នាំ ១៩៩១ មក។
ទីភ្នាក់ងារ BBC បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីនឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងរបស់លោកនៃសម្ព័ន្ធភាពនៃឆន្ទៈ ដែលបង្កើតឡើងដោយចក្រភពអង់គ្លេស និងបារាំង ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីអង់គ្លេសចាស់គឺ លោក Sir Keir Starmer។ ក្នុងដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែននេះលោកក៏ត្រូវបានកំណត់ឱ្យទទួលពានរង្វាន់ក្នុងនាមតំណាងឲ្យប្រជាជនអង់គ្លេស ដែលទទួលស្គាល់ការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះអ៊ុយក្រែន និងចូលរួមក្នុងព្រឹត្តិការណ៍ទិវាឯករាជ្យរបស់អ៊ុយក្រែន។
មុនដំណើរទស្សនកិច្ចរបស់លោកនៅថ្ងៃចន្ទនេះ លោក Burnham បញ្ជាក់ទៀតថា នៅខួបលើកទី ៣៥ នៃឯករាជ្យភាពរបស់អ៊ុយក្រែន ប្រជាជនអ៊ុយក្រែនមិនគួរមានការសង្ស័យទេ ចក្រភពអង់គ្លេសនៅពីក្រោយអ្នកនៅថ្ងៃនេះ និងរយៈពេលដ៏យូរទៀតតាមដែលអាចធ្វើទៅបាន។ លោកបន្ថែមថា លោកមានមោទនភាពចំពោះការចូលរួមចំណែកអង់គ្លេសបានធ្វើចំពោះអ៊ុយក្រែន ហើយលោកចង់ឱ្យប្រជាជនអ៊ុយក្រែនឮដោយផ្ទាល់ពីលោកថា អង់គ្លេសនឹងបន្តគាំទ្រលើអ៊ុយក្រែនឥតងារេឡើយ៕