ថៃ៖ កងកម្លាំងសន្តិសុខថៃ បានឃាត់ខ្លួនជនសង្ស័យបុរសម្នាក់ ពាក់ព័ន្ធនឹងការវាយប្រហារបាញ់ប្រហារ និងដុតបំផ្លាញទីតាំងចំនួន ៤០ កន្លែង ទូទាំងខេត្តណារ៉ាធីវ៉ាត់(Narathiwat) កាលពីយប់ថ្ងៃទី ២២ ខែសីហា។ ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចថៃ បានពិនិត្យរូបភាពកាមេរ៉ាសុវត្ថិភាព (CCTV) ដែលបង្ហាញថាជនសង្ស័យបានវាយកម្ទេចកាមេរ៉ាសុវត្ថិភាពនៅលើបង្គោលអគ្គិសនី ក្នុងស្រុក ចូអាយរ៉ុង (Cho-airong)។ជនសង្ស័យបានបដិសេធចំពោះការចោទប្រកាន់ និងត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសួរចម្លើយដើម្បីបន្តការស៊ើបអង្កេត។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត ក្រុមជំនាញដោះមីន (EOD) និងប៉ូលិសកោសល្យវិច័យថៃ បានចុះពិនិត្យផ្លូវរថភ្លើងចន្លោះស្ថានីយ Maruebo និង Tanyong Mat ក្នុងស្រុក រ៉ាង៉ែ (Ra-ngae) ដែលត្រូវ បានក្រុមឧទ្ទាមប្រដាប់អាវុធដាក់គ្រាប់បែកកែច្នៃ (IED) ផ្ទុកក្នុងធុងហ្គាសទម្ងន់ ២៥ គីឡូក្រាមចំនួន ៣ គ្រាប់។
ការផ្ទុះនេះបានធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធផ្លូវដែក និងបង្គោលអគ្គិសនី បណ្តាលឱ្យក្រុមហ៊ុនរថភ្លើងជាតិថៃ (SRT) ត្រូវផ្អាក និងកែសម្រួលផ្លូវរត់រថភ្លើងភាគខាងត្បូងជាបណ្តោះអាសន្ន រហូតដល់ការជួសជុលត្រូវ បានបញ្ចប់ ដែលរំពឹងថានឹងចំណាយពេលពី ១ ទៅ ២ ថ្ងៃ។
ព្រឹត្តិការណ៍នេះ បានបង្ខំឱ្យពលរដ្ឋថៃ និងអ្នកដំណើរជាច្រើនត្រូវយកសំបុត្រមកផ្លាស់ប្តូរ ឬសុំប្រាក់វិញនៅតាមស្ថានីយរថភ្លើងនានា។ សមត្ថកិច្ចថៃ កំពុងបន្តបិទខ្ទប់ និងពិនិត្យទីតាំងកើតហេតុដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋនៅតំបន់កើតហេតុ។
គួររំលឹកថា អាជ្ញាធរថៃ បានប្រកាសអាសន្នសន្តិសុខកម្រិតខ្ពស់បំផុត និងអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងផ្ទះជាបន្ទាន់ បន្ទាប់ពីរលកនៃការវាយប្រហារដ៏រន្ធត់ចំនួន ៥១ កន្លែង បានផ្ទុះឡើងព្រមៗគ្នានៅទូទាំងខេត្តភាគខាងត្បូងចំនួនបី រួមមាន ខេត្តណារ៉ាធីវ៉ាត់ ប៉ាតានី និងយ៉ាឡា កាលពីយប់ថ្ងៃទី ២២ ខែសីហា។ ហេតុការណ៍ហិង្សានេះបានកើតឡើងនៅចន្លោះម៉ោង ៨:០០ យប់ ដល់ម៉ោង ១២:០០ អាធ្រាត្រ ដោយខេត្តណារ៉ាធីវ៉ាត់រងការវាយប្រហារធ្ងន់ធ្ងរជាងគេដល់៤០កន្លែង ក្នុងស្រុកចំនួន ១២ បណ្តាលឱ្យជនស៊ីវិល ២ នាក់រងរបួស៕