ចិន៖ ព្រឹត្តិការណ៍ប្រកួតប្រជែងមនុស្សយន្ត ពិភពលោក (World Humanoid Robot Games) លើកទី ២ បានបើកឆាកជាផ្លូវការកាលពីល្ងាចថ្ងៃសៅរ៍ នៅពហុកីឡដ្ឋាន National Speed Skating Oval ក្នុងទីក្រុងប៉េកាំង ដោយបានប្រមូលផ្តុំកំពូលអ្នកជំនាញ និងក្រុមបច្ចេកវិទ្យាជុំវិញពិភពលោក ដើម្បីការអភិវឌ្ឍវិស័យមនុស្សយន្តឆ្លាតវៃ។
ព្រឹត្តិការណ៍រយៈពេល ៥ ថ្ងៃនេះ មានវិញ្ញាសាប្រកួតប្រជែងសរុបចំនួន ៥១ ដោយទាក់ទាញក្រុមបច្ចេកវិទ្យាជាង ៦០០ ក្រុម និងមនុស្សយន្តជាង ២០០០ គ្រឿង មកពី ១៦ ប្រទេស។ ការប្រកួតប្រជែងត្រូវបានបែងចែកចាប់តាំងពីការលេងបាល់ទាត់ រហូតដល់ការបំពេញការងារក្នុងរោងចក្រ ដើម្បីធ្វើតេស្តសមត្ថភាព និងការអនុវត្តជាក់ស្តែងនៃមនុស្សយន្ត ដែលអាចយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាពេលអនាគត។
ព្រឹត្តិការណ៍នេះក៏បានទាក់ទាញក្រុមហ៊ុនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់មនុស្សយន្ត ទាំងផ្នែកដើមទឹក និងចុងទឹក (Upstream & Downstream) មកផ្លាស់ប្តូរបទពិសោធន៍គ្នា។ លោក Yuan Minglun សហស្ថាបនិកក្រុមហ៊ុន Kunwei Sensing Technology បានលើកឡើងថា ផ្នែកផលិតសមាសភាគផ្សេងៗដូចជា សេនស័រ ខ្សែខ្សែកាប និងសម្បកក្រៅរបស់មនុស្សយន្ត ទទួលបានការតម្រង់ទិសកាន់តែច្បាស់លាស់ពីការប្រកួតនេះ។
ព្រឹត្តិការណ៍ថ្នាក់ពិភពលោកនេះ ត្រូវបានរៀបចំឡើងដោយសហការរវាងរដ្ឋបាលក្រុងប៉េកាំង, អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG), អង្គការកិច្ចសហប្រតិបត្តិការមនុស្សយន្តពិភពលោក និងក្រុមប្រឹក្សាអន្តរជាតិ Asia-Pacific Robot World Cup ដើម្បីជំរុញការផ្លាស់ប្តូរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។ គួររំលឹកថា កាលពីការប្រកួតលើកទី ១ ក្នុងខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ព្រឹត្តិការណ៍នេះទទួលបានការចូលរួមពីក្រុមបច្ចេកវិទ្យាចំនួន ២៨០ ក្រុម និងមនុស្សយន្តជាង ៥០០ គ្រឿងប៉ុណ្ណោះ៕