ភ្នំពេញ៖ សិស្សានុសិស្សនៃវិទ្យាល័យព្រែកលៀប បានមេដាយ១៦គ្រឿង និងវិញ្ញាបនបត្រល្អប្រសើរជាច្រើន ពីកម្មវិធី World Youth Forum 2026_Future Leaders Arts & Leadership Summit នៅទីក្រុងម៉ាកាវ ប្រទេសចិន ដែលបានបញ្ចប់ដោយភាពជោគជ័យ និងពោរពេញដោយមោទកភាព។ ជោគជ័យនេះ បានបង្ហាញពីចំណេះដឹង សមត្ថភាព ភាពក្លាហាន ភាពច្នៃប្រឌិតរបស់សិស្សានុសិស្សកម្ពុជា លើឆាកអន្តរជាតិ។
ក្នុងកម្មវិធីនេះ សិស្សានុសិស្សនៃវិទ្យាល័យព្រែកលៀប ទទួលបាន មេដាយមាស ចំនួន ៤, មេដាយប្រាក់ ចំនួន ៧, មេដាយសំរឹទ្ធ ចំនួន ៥។ បន្ថែមពីនេះ ក៏ទទួលបាន វិញ្ញាបនបត្រ Best Team of the Country ចំនួន ២, វិញ្ញាបនបត្រសម្រាប់អ្នកធ្វើបទបង្ហាញល្អ ចំនួន ២, វិញ្ញាបនបត្រអ្នកដឹកនាំក្រុមល្អចំនួន២ និង វិញ្ញាបនបត្រក្រុម Themed Speech ចំនួន ២។
កំឡុងពេលចូលរួម សិស្សានុសិស្សទាំងអស់ទទួលបានឱកាសពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ ការទំនាក់ទំនងជាភាសាអង់គ្លេស ការធ្វើការជាក្រុម ការគិតបែបស៊ីជម្រៅ (Critical Thinking) និងការដោះស្រាយបញ្ហាជាក់ស្តែង។ ទន្ទឹមនឹងនេះ ការចូលរួមជាមួយយុវជនចម្រុះជាតិសាសន៍ បានជួយឱ្យយុវជនស្វែងយល់ពីបរិបទអប់រំ និងវប្បធម៌ថ្មីៗ ពង្រីកការយល់ដឹងអំពីតួនាទីរបស់យុវជនក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបង្កើតបណ្តាញមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយ។
គួររម្លឹកថា វេទិកាអន្តរជាតិនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបានប្រមូលផ្តុំយុវជន និងអ្នកអប់រំមកពីបណ្តាប្រទេសនានា ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងទស្សនវិស័យជុំវិញការអប់រំ ភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងការត្រៀមសមត្ថភាពយុវជនសម្រាប់ពិភពលោកនាពេលអនាគត៕