បារាំង៖ ទីភ្នាក់ងារប្រឆាំងការក្លែងបន្លំ និងសុខភាពរបស់ប្រទេសបារាំងបានចេញការព្រមានមួយកាលពីថ្ងៃសុក្រប្រឆាំងនឹងស្រោមអនាម័យដែលអាចមិនមានសុវត្ថិភាពរាប់ម៉ឺនសន្លឹកដែលលក់នៅលើអ៊ីនធឺណិត និងនៅក្នុងហាង និងឱសថស្ថាន ដោយទីភ្នាក់ងារប្រឆាំងការក្លែងបន្លំបានប្រមូលស្រោមអនាម័យប្រហែល ២៦០,០០០ ស្រោមដែលលក់នៅក្នុងឱសថស្ថាន និងហាងនានា បន្ទាប់ពីការធ្វើតេស្តមន្ទីរពិសោធន៍បានរកឃើញថា ផលិតផលពីរប្រភេទមានហានិភ័យនៃការឆាប់បែករហែក ឬ មានប្រហោង ដែលនាំអោយមានការចម្លងរោគ ឬ មានកូន។ ពេលនេះអាជ្ញាធរកំពុងប្រមូលយកទៅបំផ្លាញចោលស្រោមទាំងនោះដែលមកពីក្រុមហ៊ុន My Lubie, Nuoo, Mademoiselle Bio, Ayanature, Friday Bae និងក្រុមហ៊ុន Passage។
បើតាមទីភ្នាក់ងារប្រឆាំងការក្លែងបន្លំបានរកឃើញម៉ាកស្រោមអនាម័យចំនួន ៣០ដែលបានចុះបញ្ជីនៅលើទីផ្សារអនឡាញ ដែលខ្វះត្រាអនុលោមភាព EU ឬស្លាកជាភាសាបារាំង។ ក្នុងចំណោមទាំងនោះមាន ប្រអប់ប្រហែល ១,០០០ ដែលមានស្រោមអនាម័យជាង ៤០,០០០ ត្រូវបានលក់រួចហើយ។ភ្នាក់ងារដដែលបានបានណែនាំអ្នកដែលបានប្រើស្រោមអនាម័យឱ្យទៅពិនិត្យរកជំងឺកាមរោគ និងធ្វើតេស្តមានផ្ទៃពោះក្នុងករណីខកខានមករដូវ៕