សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានប្រកាសលុបចោលកម្មវិធីចាស់ (Baby Bonus និង Large Families Scheme) ដោយជំនួសមកវិញនូវកញ្ចប់ជំនួយថ្មី «SG Child Support Package» ដែលនឹងផ្តល់ថវិកាគាំទ្រសរុបរហូតដល់ ៦២០០០ ដុល្លារសិង្ហបុរី (ប្រមាណ ៥ ម៉ឺនដុល្លារអាម៉េរិក) សម្រាប់កុមារសញ្ជាតិសិង្ហបុរីម្នាក់ៗ ចាប់តាំងពីកើតរហូតដល់អាយុ ១៧ ឆ្នាំ ដោយមិនប្រកាន់ថាជាកូនទីប៉ុន្មានក្នុងគ្រួសារឡើយ។
យោងតាមការចេញផ្សាយរបស់កាសែត Mothership ថវិកានេះរួមមាន៖ កាដូស្វាគមន៍ទារក ១០.០០០ ដុល្លារសិង្ហបុរី, ប្រាក់ឧបត្ថម្ភ ២.០០០ ដុល្លារសិង្ហបុរីក្នុងមួយឆ្នាំ (ចាប់ពីអាយុ ១ ដល់ ១៦ ឆ្នាំ សរុប ៣២.០០០ ដុល្លារ), មូលនិធិអភិវឌ្ឍន៍កុមារ (CDA) រហូតដល់ ១០.០០០ ដុល្លារ និងថវិកាសិក្សាបន្ត ១០.០០០ ដុល្លារនៅពេលកុមារអាយុ ១៧ ឆ្នាំ។ បើបូករួមទាំងប្រាក់ឧបត្ថម្ភសុខភាព (MediSave) និងការអប់រំ (Edusave) ដែលមានស្រាប់ កុមារម្នាក់ៗនឹងទទួលបានការគាំទ្រសរុបជិត ៧០.០០០ ដុល្លារសិង្ហបុរី។ តាមការប៉ាន់ប្រមាណ កុមារប្រមាណ ៦១០.០០០ នាក់ មកពី ៣៨០.០០០ គ្រួសារ នឹងទទួលបានផលប្រយោជន៍ពីគោលនយោបាយនេះ។
ក្រៅពីប្រាក់ឧបត្ថម្ភ រដ្ឋាភិបាលសិង្ហបុរីក៏បានបន្ថែមថ្ងៃឈប់សម្រាកមើលថែកូនសម្រាប់ឪពុកម្តាយ (រហូតដល់ ១២ ថ្ងៃ) បន្ថែមឱកាសចាប់ឆ្នោតទិញផ្ទះរដ្ឋ (BTO) សម្រាប់គ្រួសារដែលមានកូន និងកាត់បន្ថយថ្លៃសាលាមត្តេយ្យរដ្ឋឱ្យនៅត្រឹម ១៥០ ទៅ ៣០០ ដុល្លារសិង្ហបុរីក្នុងមួយខែនៅត្រឹមឆ្នាំ ២០៣០។ កញ្ចប់ជំនួយថ្មីនេះ នឹងចាប់ផ្តើមអនុវត្តផ្លូវការចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៧ តទៅ៕