Swift cc time

«អាហារូបករណ៍សាធារណរដ្ឋឆែក» កំពុងផ្តល់ឱកាសឱ្យយុវជនកម្ពុជា សិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧–២០២៨

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
 

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក កំពុងបើកឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៧–២០២៨។ នៅក្នុងតំបន់អាស៊ាន កម្ពុជាគឺជាប្រទេសតែមួយគត់ដែលមានឈ្មោះក្នុងបញ្ជីប្រទេសមានសិទ្ធិដាក់ពាក្យសម្រាប់អាហារូបករណ៍នេះ។ សម្រាប់ឆ្នាំសិក្សាថ្មីនេះ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី ២១ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រជាជនកម្ពុជា ដែលនឹងសិក្សាជាភាសាអង់គ្លេស។

បើតាមសហព័ន្ធនិស្សិតកម្ពុជានៅបរទេស អាហារូបករណ៍នេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បរទេសរបស់សាធារណរដ្ឋឆែក ដែលមានគោលបំណងគាំទ្រដល់ការសិក្សារបស់ពលរដ្ឋមកពីប្រទេសកំពុងអភិវឌ្ឍន៍ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនានានៅសាធារណរដ្ឋឆែក។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ (Master’s Degree) នឹងសិក្សារយៈពេល២ឆ្នាំ ត្រូវសិក្សាជាភាសាអង់គ្លេសតាមកម្មវិធីសិក្សាដែលបានកំណត់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៦,០០០ CZK។

សម្រាប់ថ្នាក់បណ្ឌិត (Doctoral/PhD) រយៈពេលសិក្សា៖ ៣–៤ ឆ្នាំ តាមកម្មវិធី និងលក្ខខណ្ឌរបស់សាកលវិទ្យាល័យ ត្រូវសិក្សាជាភាសាអង់គ្លេសតាមកម្មវិធីសិក្សាដែលបានកំណត់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៤,៩៦០ CZK ហើយប្រាក់ឧបត្ថម្ភអាចមានការកែសម្រួលតាមបទប្បញ្ញត្តិ និងការកំណត់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក។

ចំពោះលក្ខខណ្ឌសំខាន់ៗ បេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ហើយបេក្ខជនថ្នាក់បណ្ឌិត ត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ បេក្ខជនសម្រាប់កម្មវិធីសិក្សាជាភាសាអង់គ្លេស ត្រូវធ្វើ Online English Language Test នៅក្នុងដំណើរការដាក់ពាក្យ ដើម្បីបញ្ជាក់សមត្ថភាពភាសាអង់គ្លេស។ បេក្ខជនម្នាក់អាចចុះឈ្មោះបាន តែមួយលើក និងដាក់ពាក្យបានតែមួយ។ ពាក្យសុំត្រូវបានចាត់ទុកថាបំពេញពេញលេញ លុះត្រាតែបេក្ខជនបានបំពេញ Motivation Letter និងតេស្តចាំបាច់ទាំងអស់។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមរយៈ https://www.studyin.cz/  យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង