Swift cc time

ខេត្តព្រៃវែង គ្រោងសាងសង់ស្តូបអនុស្សាវរីយ៍ «ព្រៃតាទក» ដើម្បីរម្លឹកពីប្រវត្តិសាស្ត្រនៃការតស៊ូរំដោះជាតិ និងការកសាងសន្តិភាពជូនប្រជាជន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខេត្តព្រៃវែង៖ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង សម្រាប់គម្រោងសាងសង់ស្តូបអនុស្សាវរីយ៍ នៅតំបន់ប្រវត្តិសាស្ត្រ «ព្រៃតាទក» ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។

គម្រោងស្ថាបនាស្តូបអនុស្សាវរីយ៍នេះ ធ្វើឡើងក្នុងគោលបំណងរម្លឹកដល់វីរភាព ភាពឈ្លាសវៃ និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាបច្ចុប្បន្ន ក្នុងបុព្វហេតុនៃការតស៊ូរំដោះជាតិ ស្វែងរកសន្តិភាព និងសង្គ្រោះអាយុជីវិតប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ទន្ទឹមនឹងនេះ ស្តូបអនុស្សាវរីយ៍ប្រវត្តិសាស្ត្រនេះ ក៏នឹងក្លាយជាមរតកដ៏មានតម្លៃសម្រាប់យុវជន និងកូនខ្មែរជំនាន់ក្រោយ បានស្វែងយល់ ចងចាំ និងដឹងគុណចំពោះគុណូបការៈនៃការកសាងសន្តិភាព ព្រមទាំងចូលរួមប្រែក្លាយតំបន់ប្រវត្តិសាស្ត្រមួយនេះ ឱ្យទៅជាគោលដៅទេសចរណ៍បែបវប្បធម៌ និងប្រវត្តិសាស្ត្រដ៏ទាក់ទាញ។

គួររំលឹកផងដែរថា ក្នុងអតីតកាល តំបន់ «ព្រៃតាទក» ធ្លាប់ជាទីជម្រកដ៏សុវត្ថិភាពរបស់កម្មាភិបាល និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ ព្រមទាំងជាទីបញ្ជាការដ្ឋានដ៏សំខាន់ ដែលថ្នាក់ដឹកនាំកំពូលរបស់ជាតិបានកសាងកម្លាំងចលនាតស៊ូ ដើម្បីវាយផ្តួលរំលំរបបខ្មៅងងឹត និងនាំមកនូវសុខសន្តិភាពពេញលេញជូនមាតុភូមិរហូតមកដល់បច្ចុប្បន្ន៕


Khcct banner

អត្ថបទទាក់ទង