ថៃ៖ ប្រទេសថៃ បានប្រកាសផ្តល់ការលើកលែងទោសសម្រាប់ការតវ៉ានយោបាយ និងការបញ្ចេញមតិផ្នែកនយោបាយ ដែលបានប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៥ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។ ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦។ ប៉ុន្តែ ការលើកលែងទោសនេះមិនរាប់បញ្ចូលបទល្មើសពុករលួយ និងការប្រព្រឹត្តខុសក្នុងមុខតំណែង បទល្មើសប្រមាថព្រះមហាក្សត្រតាមមាត្រា ១១២, អំពើដែលបណ្តាលឱ្យមានមនុស្សស្លាប់ ឬរបួសធ្ងន់ធ្ងរតាមមាត្រា ២៩៧ និងបណ្តឹងរដ្ឋប្បវេណីជាដើម។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត ដើម្បីត្រួតពិនិត្យ និងអនុវត្តច្បាប់នេះ គណៈកម្មាធិការលើកកម្ពស់សង្គមសន្តិភាពដែលមានសមាសភាព ៩ រូប នឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី ឬឧបនាយករដ្ឋមន្ត្រីដែលបានចាត់តាំង។ គណៈកម្មាធិការនេះតម្រូវឱ្យរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីច្បាប់ចូលជាធរមាន។
គួររំលឹកថា តាមការប៉ាន់ប្រមាណមានប្រជាពលរដ្ឋ និងសកម្មជនចន្លោះពី ១០០០ ទៅ ២០០០ នាក់ (និងករណីខ្លះរហូតដល់ប្រមាណ ៦០០០ នាក់) នឹងទទួលបានផលប្រយោជន៍ ឬសិទ្ធិនយោបាយត្រឡប់មកវិញពីច្បាប់លើកលែងទោសនេះ។ ប្រទេសថៃបានប្រឈមមុខនឹងវិបត្តិនយោបាយ និងការផ្លាស់ប្តូរអំណាចរ៉ាំរ៉ៃអស់រយៈពេលជិត ២ ទសវត្សរ៍មកហើយ ដោយរួមមានទាំងបាតុកម្មធំៗ និងរដ្ឋប្រហារយោធាជាច្រើនលើក ដែលបន្សល់ទុកនូវសំណុំរឿងនយោបាយជាច្រើនទល់នឹងបច្ចុប្បន្ន៕