Swift cc time

សិង្ហបុរី ដំឡើងច្បាប់ឈប់សម្រាកមើលថែកូន ដល់ ១២ ថ្ងៃក្នុងមួយឆ្នាំ ដើម្បីជំរុញអត្រាកំណើត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានប្រកាសនៅក្នុងពិធីការ្យបុណ្យជាតិ (National Day Rally) កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលសិង្ហបុរីនឹងដំឡើងថ្ងៃឈប់សម្រាកសម្រាប់ឪពុកម្តាយដើម្បីមើលថែកូនៗដល់ទៅ ១២ ថ្ងៃក្នុងមួយឆ្នាំដែលនេះនឹងអាស្រ័យលើចំនួនកូនក្នុងគ្រួសារជាក់ស្តែង។ ក្រោមគោលការណ៍ថ្មីនេះ ឪពុកម្តាយដែលមានកូន ១នាក់ នឹងទទួលបានថ្ងៃឈប់សម្រាក ៨ ថ្ងៃ, កូន ២នាក់ ទទួលបាន ១០ ថ្ងៃ និងកូនចាប់ពី ៣នាក់ឡើងទៅ ទទួលបាន ១២ ថ្ងៃក្នុងមួយឆ្នាំ សម្រាប់កូនៗដែលមានសញ្ជាតិសិង្ហបុរី និងមានអាយុរហូតដល់ ១២ ឆ្នាំ។

យោងតាមការចេញផ្សាយរបស់កាសែត CNA ការកែប្រែនេះ គឺជាការឆ្លើយតបទៅនឹងការលំបាករបស់ឪពុកម្តាយដែលត្រូវរ៉ាប់រងបន្ទុកមើលថែកូនច្រើន។ ឧទាហរណ៍៖ ប្តីប្រពន្ធដែលមានកូន ៣ នាក់ នឹងទទួលបានថ្ងៃឈប់សម្រាកសរុបបញ្ចូលគ្នា (ទាំងប្តីទាំងប្រពន្ធ) រហូតដល់ ២៤ ថ្ងៃក្នុងមួយឆ្នាំ ដែលកើនឡើងយ៉ាងខ្លាំងធៀបនឹងច្បាប់ចាស់ដែលទទួលបានត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ។

ដើម្បីកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬនិយោជក រដ្ឋាភិបាលសិង្ហបុរីនឹងរ៉ាប់រងការចំណាយ ១០០% លើប្រាក់ឈ្នួលក្នុងកំឡុងពេលនិយោជិតឈប់សម្រាកមើលថែកូនតាមច្បាប់កំណត់ (រហូតដល់កម្រិតកំណត់អតិបរមា ៥០០ ដុល្លារសិង្ហបុរីក្នុងមួយថ្ងៃ)។

លោក Lawrence បានអំពាវនាវឱ្យគ្រប់ក្រុមហ៊ុន និងនិយោជកទាំងអស់ ផ្តល់កិច្ចសហការ និងគាំទ្រដល់បុគ្គលិកដែលមានកូន ដោយធានាថាការមានកូននឹងមិនក្លាយជាឧបសគ្គដល់ការរីកចម្រើនក្នុងអាជីពការងាររបស់ពួកគេឡើយ៕

Khcct banner

អត្ថបទទាក់ទង