Swift cc time

វៀតណាម ផ្តល់អាហារូបករណ៍៦០កន្លែង សម្រាប់សិស្សកម្ពុជា ដើម្បីសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល ៤ ឆ្នាំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មហាវិទ្យាល័យ Thai Nguyen College នៃប្រទេសវៀតណាម ផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាសរុបចំនួន ៦០ កន្លែង ដើម្បីបន្តការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល ៤ ឆ្នាំ (រៀនភាសាវៀតណាម ១ ឆ្នាំ និងជំនាញ ៣ ឆ្នាំ) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ នេះបើតាមសេចក្តីជូនដំណឹងនៃក្រសួងការងារ នៅថ្ងៃទី២២សីហា ២០២៦។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងការងារ បានឱ្យដឹងថា អាហារូបករណ៍នេះគ្របដណ្តប់លើមុខជំនាញជាច្រើន ដូចជា ទំនាក់ទំនង និងបច្ចេកទេសអេឡិចត្រូនិក អគ្គិសនីឧស្សាហកម្ម អេឡិចត្រូនិកឧស្សាហកម្ម ព័ត៌មានវិទ្យា ព័ត៌មានវិទ្យាអនុវត្ត គ្រប់គ្រងអាជីវកម្ម បច្ចេកទេសម្ហូបអាហារ ប្រៃសណីយ៍ និងទូរគមនាគមន៍ វេជ្ជសាស្ត្រសត្វ វិទ្យាសាស្ត្រដំណាំ ហិរញ្ញវត្ថុអាជីវកម្ម ធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ សេវាផ្នែកច្បាប់ ភាសាកូរ៉េ ភាសាអង់គ្លេស ថែរក្សាសម្ផស្ស បច្ចេកវិទ្យាវិស្វកម្មមេកានិក និងបច្ចេកវិទ្យារថយន្ត។

បើតាមប្រភពដដែល បេក្ខជនដែលមានបំណងដាក់ពាក្យ ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ដោយផ្ដល់អាទិភាពដល់សិស្សដែលមាននិទ្ទេសល្អ) និងមានសុខភាពល្អទាំងកាយសម្បទា ព្រមទាំងមានឆន្ទៈខ្ពស់ក្នុងការសិក្សា។ ឯកសារតម្រូវរួមមាន ប្រវត្តិរូបសង្ខេប ព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សំបុត្រកំណើត (ជាភាសាខ្មែរ និងអង់គ្លេស) វិញ្ញាបនបត្របញ្ជាក់សុខភាព លិខិតឆ្លងដែនថតចម្លង រូបថតទំហំ ៤x៦ ចំនួន២សន្លឹក លិខិតថ្កោលទោស លិខិតប្ដេជ្ញាចិត្ត និងលិខិតជ្រើសរើសមុខជំនាញ។

ក្រសួងបានគូសបញ្ជាក់ថា បេក្ខជនជ័យលាភីនឹងទទួលបានការឧបត្ថម្ភជាពីភាគីវៀតណាម រួមមាន ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៣ ៧០០ ០០០ ដុង (ប្រហែល ១៤០ ដុល្លារអាមេរិក) ប្រាក់ទិញសម្ភារសិក្សា និងប្រើប្រាស់ផ្ទាល់ខ្លួនសម្រាប់មួយចប់វគ្គសិក្សាចំនួន ៥ ៣៨០ ០០០ ដុង (ប្រហែល ២០០ ដុល្លារអាមេរិក) ប្រាក់ធ្វើដំណើរមួយចប់វគ្គសិក្សាចំនួន ៤ ០០០ ០០០ ដុង (ប្រហែល ១៥០ ដុល្លារអាមេរិក) ផ្ដល់កន្លែងស្នាក់នៅ និងប្រើប្រាស់បណ្ណាល័យ អ៊ីនធឺណិត កន្លែងហាត់ប្រាណដោយឥតគិតថ្លៃ ព្រមទាំងមានឱកាសរៀនភាសាបរទេស និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យនានាក្នុងប្រទេសវៀតណាម ខណៈការចំណាយលើថ្លៃសំបុត្រយន្តហោះ និងទិដ្ឋាការជាបន្ទុករបស់សាមីខ្លួន។

គួរបញ្ជាក់ថា សិស្សត្រូវដាក់ពាក្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ដើម្បីគ្រឹះស្ថានសម្របសម្រួលជ្រើសរើស និងបញ្ជូនសំណុំឯកសាររបស់សិស្សមកនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សានៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៨៩ ៦៧៤ ៦៦៨៕


Khcct banner

អត្ថបទទាក់ទង