Swift cc time

ហ្សេលែនស្គី ថាពូទីននឹងកេណ្ឌទ័ពថ្មី ៣០ម៉ឺននាក់ ទៀតវាយសង្គ្រុបលើអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថារុស្ស៊ីទំនងជានឹងចល័ត និងកេណ្ឌទ័ពថ្មី ចំនួន ៣០០,០០០ នាក់បន្ថែមទៀតនៅចុងឆ្នាំនេះ ដែលនេះដើម្បីព្យាយាមបញ្ចប់ការដណ្តើមយកតំបន់ភាគខាងកើតអ៊ុយក្រែនដែលរុស្ស៊ីចង់បានជាយូរមកហើយ។ ក្នុងសុន្ទរកថាដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គីបាននិយាយថា រុស្ស៊ីកំពុងតែរៀបចំផែនការវាយសង្គ្រុបកាន់កាប់ទឹកដីអ៊ុយក្រែនក្នុងបរិមាណដូចគ្នាទៅនឹងដើមឆ្នាំនេះដែលខ្លួនបានវាយបាន។

បើតាមលោក ហ្សេលែនស្គី រុស្ស៊ីបានបាត់បង់ទាហានខ្លួនប្រមាណ ២៦៧,០០០ នាក់ចាប់តាំងពីដើមឆ្នាំមក រួមទាំងមនុស្សប្រហែល ១៥៥,០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីផ្ទុះសង្រ្គាមរហូតមកដល់បច្ចុប្បន្ន។ លោកថា តួលេខនេះមិនអាចបញ្ជាក់ច្បាស់នៅឡើយនោះទេ ប៉ុន្តែនេះស្របតាមការប៉ាន់ស្មានរបស់ចារកម្មរបស់លោកខាងលិច។

លោក ហ្សេលែនស្គី អះអាងទៀតថាការបោះឆ្នោតសភារុស្ស៊ីនឹងធ្វើឡើងនៅខែក្រោយ ហើយមានការរំពឹងទុកអំពីការចល័តកងទ័ពថ្មី ទោះបីជាមានសេចក្តីព្រាងច្បាប់ឆ្នាំ ២០២២ ដែលបង្កឱ្យមានការតវ៉ា និងការរត់គេចខ្លួនរបស់យុវជនរុស្ស៊ីខ្លាចការចាប់ខ្លួនយកទៅធ្វើជាទាហានរុស្ស៊ីក៏ដោយ។ លោកជឿថា លោក ពូទីន នឹងដាក់ពង្រាយកងទ័ពដែលទើបចល័តថ្មីចំនួន ៣០ម៉ឺននាក់ទៀត អាស្រ័យលើស្ថានភាពនៅភាគខាងកើតនៃប្រទេសរបស់អ៊ុយក្រែន លោកពូទីនក៏ធ្លាប់ប្រាប់ឧត្តមសេនីយ៍របស់លោកឱ្យបញ្ចប់ការកាន់កាប់តំបន់ Donetsk របស់អ៊ុយក្រែនទាំងស្រុងនៅចុងឆ្នាំនេះ។

សម្រាប់លោក ហ្សេលែណស្គី អ៊ុយក្រែននឹងកម្ទេចទ័ពថ្មីទាំង ៣០ម៉ឺននាក់របស់រុស្ស៊ីដែលនឹងដាក់ពង្រាយនាពេលខាងមុខនេះ ដោយពេលនេះអង្គភាពអ៊ុយក្រែនកំពុងការពារតំបន់ Donetsk ប្រហែល ២០% រួមទាំងខ្សែក្រវ៉ាត់នៃទីក្រុងឧស្សាហកម្មយុទ្ធសាស្ត្រដូចជា Slaviansk និង Kramatorsk ជាដើម។ លោកព្រមានទៀតថា វាមិនអាចទៅរួចទេសម្រាប់រុស្ស៊ីក្នុងការបញ្ចប់ការដណ្តើមយកតំបន់ Donetsk របស់អ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង