ថៃ៖ អាជ្ញាធរថៃបានប្រកាសអាសន្នសន្តិសុខកម្រិតខ្ពស់បំផុត និងអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងផ្ទះជាបន្ទាន់ បន្ទាប់ពីរលកនៃការវាយប្រហារដ៏រន្ធត់ចំនួន ៥១ កន្លែង បានផ្ទុះឡើងព្រមៗគ្នានៅទូទាំងខេត្តភាគខាងត្បូងចំនួនបី រួមមាន ខេត្តណារ៉ាធីវ៉ាត់ ប៉ាតានី និងយ៉ាឡា កាលពីយប់ថ្ងៃទី ២២ ខែសីហា។ យោងតាម Amarin News និងសេចក្តីរាយការណ៍របស់បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងថៃ ហេតុការណ៍ហិង្សានេះបានកើតឡើងនៅចន្លោះម៉ោង ៨:០០ យប់ ដល់ម៉ោង ១២:០០ អាធ្រាត្រ ដោយខេត្តណារ៉ាធីវ៉ាត់រងការវាយប្រហារធ្ងន់ធ្ងរជាងគេចំនួន ២២ កន្លែង ក្នុងស្រុកចំនួន ១២ បណ្តាលឱ្យជនស៊ីវិល ២ នាក់រងរបួស ព្រមទាំងមានការផ្ទុះឡើងជាថ្មីក្នុងឃុំ រីកូ (Riko) និងការបំផ្ទុះបង្គោលភ្លើងនៅភូមិ បានឃួន (Ban Khuan)។
ចំណែកខេត្តយ៉ាឡា កត់ត្រាបាន ១៨ កន្លែង ដែលភាគច្រើនកើតឡើងនៅស្រុកថានថូ (Than To) ស្រុកបានណាំងសាតា (Bannang Sata) និងស្រុកម៉ាន់ (Raman)។ ដោយឡែក ខេត្តប៉ាតានី កើតមាន ១១ កន្លែង ក្នុងស្រុកចំនួន ៦។ ក្នុងនោះ គេសង្កេតឃើញមានក្រុមឧទ្ទាមប្រដាប់អាវុធមិនតិចជាង ១០ នាក់ បានបុកចូលប្លន់ហាង 7-Eleven នៅឃុំបាងពូ ស្រុកយ៉ាហារិញ ដោយបាញ់កាំភ្លើងឡើងលើដើម្បីគំរាមដេញបុគ្គលិក និងអតិថិជនឱ្យរត់ចេញក្រៅ រួចដាក់គ្រាប់បែកអគ្គិភ័យកែច្នៃទម្ងន់ ២០ គីឡូក្រាម បំផ្ទុះដុតបំផ្លាញហាងស្ទើរទាំងស្រុង។ ក្រៅពីនេះ ក៏មានការដុតបំផ្លាញអាគារសាលាក្រុងតាលូប៊ាន់ និងការបំផ្លាញកាមេរ៉ាសុវត្ថិភាព (CCTV) ចំនួន ១៣ គ្រឿង។
ជាការឆ្លើយតប មេបញ្ជាការយោធភូមិភាគទី ៤ និងលោក ណារ៉ាត់ឆា ខូសាស៊ីវិល័យ (Narucha Khosasivilais) អគ្គនាយកដ្ឋានរដ្ឋបាលស៊ីវិលថៃ បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ ក្រុមអ្នកជំនាញដោះមីន (EOD) និងមន្ត្រីកោសល្យវិច័យ បង្កើនការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុត ដោយចុះបិទខ្ទប់ទីតាំងកើតហេតុ ប្រមូលភស្តុតាង និងការពារសុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាព។
អាជ្ញាធរថៃបានព្រមានប្រជាពលរដ្ឋឱ្យជៀសវាងការធ្វើដំណើរទៅកាន់តំបន់កើតហេតុ ហាមឃាត់ដាច់ខាតមិនឱ្យចូលជិត ឬប៉ះពាល់មនុស្ស វត្ថុ ឬយានយន្តដែលមានការសង្ស័យ និងត្រូវរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ប្រសិនបើប្រទះឃើញភាពមិនប្រក្រតីណាមួយ ខណៈដែលរាជរដ្ឋាភិបាលថៃកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងបន្តប្រតិបត្តិការសន្តិសុខយ៉ាងក្តៅគគុកដើម្បីតាមដានចាប់ខ្លួនក្រុមជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕