ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានប្រកាសជ្រើសរើសយុវជនកម្ពុជា ជាពិសេសនិស្សិតមហាវិទ្យាល័យ ឱ្យចូលហាត់ការក្នុងស្ថានទូតអាម៉េរិកនៅកម្ពុជា។ យុវជនដែលជាប់ការហាត់ការ នឹងទទួលបានបទពិសោធមន៍ការងារជាក់ស្តែង អាចអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងស្វែងយល់អំពីការងារការទូត។
បើតាមស្ថានទូតអាម៉េរិក ការហាត់ការនេះ តម្រូវជាពលរដ្ឋ ឬអ្នករស់នៅស្របច្បាប់អចិន្ត្រៃយ៍នៃប្រទេសកម្ពុជា ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំ ហើយត្រូវតែបញ្ចប់ការសិក្សាពីវិទ្យាល័យ ឬសមមូលមុនពេលចាប់ផ្តើមកម្មវិធីនេះ។ បន្ថែមពីនេះ បេក្ខជន ត្រូវតែជានិស្សិតសកម្មនៅស្ថាប័នឧត្តមសិក្សា និងត្រូវតែអាចធ្វើការរហូតដល់ចុងខែមេសា ឆ្នាំ ២០២៧ ហើយមិនត្រូវជាបុគ្គលិកនៃបេសកកម្មសហរដ្ឋអាមេរិកនោះទេ។
សូមបញ្ជាក់ថា បេក្ខជនដែលធ្លាប់ចូលរួមហាត់ការម្តងហើយ មិនអាចចូលកម្មវិធីម្តងទៀតបានទេ ប៉ុន្តែបេក្ខជនដែលមិនទទួលបានជោគជ័យពីអតីតកាល អាចដាក់ពាក្យសុំឡើងវិញសម្រាប់កម្មវិធី។ ទន្ទឹមនឹងនេះ បេក្ខជនគ្រប់ជំនាញអាចដាក់ពាក្យបាន ហើយបេក្ខជននឹងត្រូវធ្វើតេស្តកម្រិតភាសាខ្មែរ និងអង់គ្លេស។ ដើម្បីដាក់ពាក្យ បេក្ខជនត្រូវបំពេញបែបបទកម្មវិធី ហើយត្រូវការលិខិតព្រឹត្តិបត្រពិន្ទុពីឆមាសចុងក្រោយដែលបង្ហាញពីស្ថានភាពសិក្សាល្អ លិខិតបញ្ជាក់ការសិក្សាពីសាលា និងអត្តសញ្ញាណប័ណ្ណជាតិ។
យុវជនដែលមានចំណាប់អារម្មណ៍លើឱកាសនេះ សូមដាក់ពាក្យតាមរយៈ https://kh.usembassy.gov/foreign-national-student-intern.../ យ៉ាងយូរត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦៕