តួកគី៖ ក្រសួងយុត្តិធម៌ប្រទេសតួកគីបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងស្វែងរកដីកាតាមចាប់ខ្លួនរបស់ប៉ូលីសអន្តរជាតិពី Interpol តាមចាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ក្រោមបទចោទថាព្រព្រឹតិ្តអំពើប្រល័យពូជសាសន៍ និងការស្ទាក់ចាប់ និងឃុំខ្លួនសកម្មជនរាប់សិបនាក់របស់អ៊ីស្រាអែល ដែលព្យាយាមផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា។
បើតាមក្រសួងយុត្តិធម៌របស់តួកគី ខ្លួននឹងស្វែងរកការជូនដំណឹងបន្ទាន់ពីប៉ូលីស Interpol សម្រាប់ការចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ដែលជាផ្នែកមួយនៃសំណុំរឿងព្រហ្មទណ្ឌក្នុងស្រុក ដែលជាប់ទាក់ទងនឹងការវាយប្រហារលើសកម្មជនដែលកំពុងស្វែងរកការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា។
តុលាការបញ្ជាក់ទៀតថា កាលពីខែឧសភា កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារលើនាវាយ៉ាងហោចណាស់ពីរគ្រឿងពីកងនាវា Global Sumud Flotilla ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ខណៈពេលដែលនាវានោះកំពុងព្យាយាមផ្តល់ជំនួយឡើងវិញទៅកាន់រងគ្រោះ បន្ទាប់ពីបេសកកម្មមុនៗត្រូវបានស្ទាក់ចាប់ដោយអ៊ីស្រាអែលនៅក្នុងដែនទឹកអន្តរជាតិដែលមិនអនុញ្ញាតឲ្យមានជំនួយទៅដល់ហ្គាហ្សា។
ក្នុងនោះមាននាវាប្រហែល ៥០ គ្រឿងស្ថិតនៅក្នុងកងនាវា Global Sumud Flotilla ដែលបានចាកចេញពីប្រទេសទួរគីកាលពីខែឧសភា ឆ្ពោះទៅកាន់ទឹកដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធពីអ៊ីស្រាអែល។ សកម្មជនទាំងនោះត្រូវបានឃុំខ្លួននៅសមុទ្រមេឌីទែរ៉ាណេដោយយោធាអ៊ីស្រាអែល ហើយបន្ទាប់មកត្រូវបាននាំទៅកាន់ពន្ធនាគារអ៊ីស្រាអែល មុនពេលត្រូវបានបណ្តេញចេញពីប្រទេសវិញ សកម្មជនមួយចំនួនបានចោទប្រកាន់កងកម្លាំងសន្តិសុខអ៊ីស្រាអែលពីបទហិង្សារាងកាយ ឬផ្លូវភេទក្នុងអំឡុងពេលឃុំខ្លួនពួកគេ។
នៅក្នុងសារមួយនៅលើបណ្តាញសង្គម X រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Akin Gurlek បាននិយាយថា ដីកាចាប់ខ្លួនត្រូវបានចេញសម្រាប់លោក ណេតាន់យ៉ាហ៊ូ និងជនជាតិអ៊ីស្រាអែលម្នាក់ទៀត ដែលមានឈ្មោះថា Afek Moskovitch ពីបទចោទប្រកាន់ដែលរួមមានការប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការធ្វើទារុណកម្ម ដែលជាផ្នែកមួយនៃសំណុំរឿងប្រឆាំងនឹងមនុស្ស ៣៥នាក់ ជុំវិញការស្ទាក់ចាប់របស់អ៊ីស្រាអែលនៅក្នុងដែនទឹកអន្តរជាតិ។
ជាការឆ្លើយតប ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានហៅប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថាជា មេដឹកនាំផ្តាច់ការប្រឆាំងនឹងពួកយូដា ហើយបានសន្យាថានឹង ធ្វើសកម្មភាពយ៉ាងខ្លាំងក្លាប្រឆាំងនឹងការប៉ុនប៉ងរបស់តួកគីក្នុងការធ្វើឱ្យតំបន់អស្ថិរភាព៕