ទីក្រុងប៉េកាំង៖ ក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្តចំនួនប្រាំបីផ្សេងទៀតបានប្រកាសកាលពីថ្ងៃ សុក្រ ថាពួកគេនឹងប្រមូលរថយន្តសរុបប្រហែល ៤.៣ លានគ្រឿងនៅក្នុងប្រទេសចិនចូលឃ្លាំងវិញ ដោយសារក្តីបារម្ភថាទ្វារអាចពិបាកបើកក្នុងគ្រាអាសន្ន ដែលនេះជាការប្រមូលរថយន្តដ៏ធំបំផុតរបស់ប្រទេសចិនក្រោយមានបញ្ហាបច្ចេកទេសពីរោងចក្រ។ វិធានការដោះស្រាយការប្រមូលរថយន្តឡើងវិញមានចាប់ពីការអាប់ដេតកម្មវិធីរហូតដល់ស្លាកសញ្ញាព្រមាន និងសញ្ញាសម្គាល់ប្រសើរឡើងជុំវិញចំណុចនៃការបើកទ្វារអាសន្ន។
ក្រុមហ៊ុនផលិតឡាននៅចិនបានបញ្ជាក់ទៀតថា ខ្លួននឹងហាមឃាត់ការផលិតកន្លែងបើកទ្វារចេញពីខាងក្រៅដែលលាក់ទុករបស់ TESLA ចាប់ពីឆ្នាំ ២០២៧ ដែលចំណាត់ការនេះនឹងធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសដំបូងគេដែលបញ្ឈប់ការរចនាដែលមានប្រជាប្រិយភាពដោយក្រុមហ៊ុន Tesla និងត្រូវបានអនុម័តយ៉ាងទូលំទូលាយដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុករបស់ចិន។
ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ខណៈពេលដែលក្រុមហ៊ុន Geely និង Xpeng បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយក្រុមហ៊ុន Xiaomi បាននិយាយថា ខ្លួនមិនមានព័ត៌មានបន្ថែមលើសពីការជូនដំណឹងរបស់និយតកម្មនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីខែតុលាថា អ្នកបើកបររថយន្ត Xiaomi SU7 sedan បានស្លាប់បន្ទាប់ពីមានគ្រោះថ្នាក់ និងអគ្គីភ័យ ដោយសារតែអ្នកដើរឆ្លងកាត់មិនអាចបើកទ្វារដើម្បីទាញគាត់ចេញបានពេលមានអាសន្ន។ និយតករបញ្ជាក់ដែលថា ក្រុមហ៊ុនពាក់ព័ន្ធជាមួយបញ្ហាទ្វារនេះមានលើរថយន្ត Model 3, Model Y, Model S និង Model X ចំនួន ២.៩៨លានគ្រឿងដែលនាំចូល និងផលិតនៅប្រទេសចិន ដែលត្រូវប្រមូលមកវិញចាប់ពីថ្ងៃទី ២៥ ខែកញ្ញា និងមានក្រុមហ៊ុនឡានអគ្គិសនីរបស់ចិនជាច្រើនទៀតត្រូវបានប្រមូលចូលវិញ។
ក្រុមហ៊ុនផលិតរថយន្តអាម៉េរិកបានអះអាងដែលថាចំណុចទាញទ្វារសង្គ្រោះបន្ទាន់មេកានិចអាចពិបាកក្នុងការកំណត់អត្តសញ្ញាណបន្ទាប់ពីការប៉ះទង្គិចធ្ងន់ធ្ងរ និងការបរាជ័យនៃដំណើរការប្រព័ន្ធអគ្គិសនី ដែលអាចរារាំងការរត់គេចចេញពីឡានរបស់អ្នកដំណើរ ឬការចូលប្រើប្រាស់របស់អ្នកជួយសង្គ្រោះមិនអាចទាញទ្វារចេញបាន៕