អាម៉េរិក៖ ថៅកែក្រុមហ៊ុន Facebook លោក Mark Zuckerberg បានបញ្ជាទិញប្រាសាទ Strancally Castle ទំហំ ៤៤០ ហិកតា នៅប្រទេសអៀរឡង់ យោងតាមរបាយការណ៍របស់ The Guardian និង The Irish Times នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg និងភរិយារបស់លោក គឺលោកស្រី Priscilla Chan បានបញ្ជាទិញប្រាសាទនេះក្នុងតម្លៃចន្លោះពី ២៣-៣៥ លានដុល្លារអាម៉េរិក។ វិមានប្រាសាទប្រវត្តិសាស្ត្រដ៏ធំនេះត្រូវបានគេរំពឹងថានឹងបម្រើជាកន្លែងសម្រាប់គូស្វាមីភរិយា និងក្រុមគ្រួសាររបស់អ្នកទាំងពីរ នៅពេលដែលពួកគេទៅទស្សនាប្រទេសអៀរឡង់។
បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បានបញ្ជាក់ថា លោក Zuckerberg និងក្រុមគ្រួសាររបស់គាត់មានការរំភើបរីករាយក្នុងការចំណាយពេលនៅប្រទេសអៀរឡង់ ហើយការបញ្ជាទិញនេះក៏ដើម្បីថែរក្សាបេតិកភណ្ឌនៃអចលនទ្រព្យប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនេះ ដោយតម្លៃទិញដែលបានចរចាជាឯកជនមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែរបាយការណ៍បានប៉ាន់ប្រមាណថាកិច្ចព្រមព្រៀងនេះមានតម្លៃចន្លោះពី ២០ លានអឺរ៉ូ ទៅ ៣០ លានអឺរ៉ូ រឺជាដុល្លារពី ២៣-៣៥ លានដុល្លារអាម៉េរិក។
គួររម្លឹកថាប្រាសាទ Strancally ត្រូវបានសាងសង់ក្នុងឆ្នាំ ១៨៣០ សម្រាប់សមាជិកសភាអភិរក្សនិយមលោក John Keily ហើយត្រូវបានរចនាឡើងដោយស្ថាបត្យករល្បីឈ្មោះ James និង George Richard Pain។ វិមានដ៏អស្ចារ្យនេះត្រូវបានគេស្គាល់ដោយសារមានទំហំធំ និងការចនាឡើងដោយអស្ចារ្យ ប្រាសាទនេះត្រូវបានទិញ និងជួសជុលឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដោយលោក Michael Alen-Buckley សហស្ថាបនិកក្រុមហ៊ុនវិនិយោគ RAB Capital ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងភរិយារបស់គាត់គឺលោកស្រី Giancarla Buckley។ បន្ទាប់ពីប្រហែល ២៥ ឆ្នាំ អចលនទ្រព្យនេះបានផ្លាស់ប្តូរម្ចាស់ថ្មីម្តងទៀត ដោយគ្រួសារលោក Zuckerberg បានក្លាយជាម្ចាស់ថ្មី។ប្រាសាទ Strancally មានទីតាំងស្ថិតនៅក្នុងជ្រលងភ្នំ Blackwater ដ៏ស្រស់ស្អាត ដែលជាតំបន់ដ៏ល្បីល្បាញសម្រាប់ទេសភាព ទេសចរណ៍ និងបេតិកភណ្ឌស្ថាបត្យកម្ម៕