ភ្នំពេញ៖ ITM Innovation Hackathon 2026 កំពុងបើកជ្រើសរើសយុវជន៦០នាក់ ដែលជានិស្សិតសាកលវិទ្យាល័យគ្រប់ជំនាញក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានការបណ្តុះបណ្តាល និងចូលរួមប្រកួតប្រជែងបង្កើតដំណោះស្រាយឌីជីថលសម្រាប់បញ្ហាជាក់ស្តែងក្នុងសង្គម។ កម្មវិធីនេះ នឹងរៀបចំឡើងរយៈពេល៣ នៅថ្ងៃទី ១២, ១៣ និង ១៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយថ្ងៃទី១ និងថ្ងៃទី២ ផ្តោតលើការអភិវឌ្ឍគម្រោង ខណៈថ្ងៃទី៣ គឺជាថ្ងៃប្រកួត Pitching និងប្រគល់រង្វាន់។
ITM Innovation Hackathon 2026 គឺជាកម្មវិធីប្រកួតប្រជែងផ្នែកនវានុវត្តន៍ និងសហគ្រិនភាពរយៈពេល ៣ ថ្ងៃ ដែលនឹងបង្រៀនយុវជនចាប់ផ្តើមពីដំណើរការបង្កើតដំណោះស្រាយឌីជីថល ការស្វែងរក និងកំណត់បញ្ហាជាក់ស្តែង ការសិក្សាតម្រូវការរបស់អ្នកប្រើប្រាស់ ការបង្កើតគំរូផលិតផល ( Prototype ) រហូតដល់ការធ្វើបទបង្ហាញគម្រោង ( Pitching ) នៅចំពោះមុខគណៈកម្មការវិនិច្ឆ័យ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ រួមមានការណែនាំពី Industry Professionals មានបទពិសោធន៍ Mentor ដើម្បីជួយណែនាំ និងការធ្វើការជាក្រុម យុវជននឹងទទួលបានបទពិសោធន៍ជាក់ស្តែងលើការដោះស្រាយបញ្ហា ការស្រាវជ្រាវពីអ្នកប្រើប្រាស់ ការអភិវឌ្ឍ Prototype ការរៀបចំ Business Model និងការធ្វើ Pitching។ សម្រាប់ការប្រកួតនេះ យុវជនអាចជ្រើសរើសដោះស្រាយបញ្ហាជាក់ស្តែងណាមួយ ដោយដំណោះស្រាយចុងក្រោយត្រូវបង្កើតជាផលិតផលឌីជីថល ដូចជា Web Application, Mobile Application, AI Solution, ឬ Software ជាដើម។
កម្មវិធីនឹងដំណើរការរយៈពេល ៣ ថ្ងៃ ដែលបែងចែកជា ៣ ដំណាក់កាលសំខាន់ៗ។ ថ្ងៃទី១ ផ្តោតលើ «Problem Discovery & Solution Development» ដែលយុវជននឹងស្វែងរកបញ្ហា សិក្សាអ្នកប្រើប្រាស់ ធ្វើការផ្ទៀងផ្ទាត់បញ្ហា និងអភិវឌ្ឍគំនិតដំណោះស្រាយ។ ថ្ងៃទី២ ផ្តោតលើ «Prototype Development & Business Improvement» ដោយក្រុមនីមួយៗនឹងបង្កើត Prototype កែលម្អ Business Model និងរៀបចំ Pitch Deck។ ចំណែកថ្ងៃទី៣ គឺ «Final Pitching, Judging & Awards Ceremony» ដែលក្រុមនឹងធ្វើបទបង្ហាញដំណោះស្រាយចុងក្រោយ និងឆ្លើយសំណួរពីគណៈកម្មការវិនិច្ឆ័យ។
ក្រុមជ័យលាភី នឹងមានឱកាសទទួលបាន អាហារូបករណ៍ ( Short Course) ព្រមទាំង ពានរង្វាន់ មេដាយ និងវិញ្ញាបនបត្រ ដែលជាការទទួលស្គាល់ចំពោះសមត្ថភាព និងស្នាដៃរបស់ក្រុម។ លើសពីនេះ អ្នកចូលរួមទាំងអស់ក៏នឹងទទួលបានវិញ្ញាបនបត្រចូលរួមដែលមានការទទួលស្គាល់ អាចក្លាយជាផ្នែកមួយនៃបទពិសោធន៍ និងស្នាដៃសម្រាប់ការសិក្សា និងអាជីពនាពេលអនាគត។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះជាក្រុមត្រឹម ៤ នាក់ ឬ ចុះឈ្មោះជាបុគ្គល ចូលរួមដោយឥតគិតថ្លៃ។ បេក្ខជនអាចដាក់ពាក្យតាមរយៈ https://forms.gle/SmKu3LpWrSkQooyt9 ឬស្កេន QR Code ខាងក្រោម យ៉ាងយូរត្រឹមថ្ងៃទី១ កញ្ញា ២០២៦៕