ថៃ៖ សមត្ថកិច្ចការពារអ្នកប្រើប្រាស់ថៃ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ នៅទីក្រុងបាងកក ខេត្តសមុទ្រប្រាកាន (Samut Prakan) និងខេត្តសមុទ្រសាខន (Samut Sakhon) ពីបទលួចផ្តល់សេវាកម្មព្យាបាលធ្មេញ និងវេជ្ជសាស្ត្រដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងដកហូតឧបករណ៍ និងសម្ភារវេជ្ជសាស្ត្រសរុប ១,០៥៨ មុខ ដែលមានតម្លៃជាង ៣៣០,០០០ បាត(ប្រមាណ១ម៉ឺនដុល្លារ)។
យោងតាមការចេញផ្សាយរបស់កាសែត The Bangkak Post ក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួន មានស្ត្រីវ័យ ៣០ ឆ្នាំម្នាក់បានសារភាពថា នាងបានរៀនវិធីដាក់ប្រេសធ្មេញពីបណ្តាញ YouTube រីឯបុរសវ័យ ៦១ ឆ្នាំ និងស្ត្រីពីរនាក់ទៀតត្រូវឃាត់ខ្លួនពេលកំពុងពុម្ពគំរូធ្មេញឱ្យអតិថិជន និងលួចបើកតូបធ្វើធ្មេញ។
ដោយឡែក នៅខេត្តសមុទ្រប្រាកាន ស្ត្រីវ័យ ២៦ ឆ្នាំម្នាក់ដែលជាគិលានុបដ្ឋាយិកា ក៏ត្រូវបានចាប់ខ្លួននៅក្លីនិកកែសម្ផស្ស ខណៈពេលកំពុងចាក់វីតាមីនតាមសរសៃឈាម (IV Drip) ឱ្យអតិថិជន ដោយគ្មានអាជ្ញាបណ្ណជាគ្រូពេទ្យ និងគ្មានវត្តមានគ្រូពេទ្យជំនាញនៅទីនោះឡើយ។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរប៉ូលិស និងមន្ត្រីសុខាភិបាលថៃ បានព្រមានថា ការទទួលសេវាពីអ្នកគ្មានជំនាញ និងការប្រើប្រាស់ឧបករណ៍គ្មានអនាម័យអាចបណ្តាលឱ្យឆ្លងរោគធ្ងន់ធ្ងរ ឬឈានទៅដល់ពិការភាពទាំងស្រុង ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រួតពិនិត្យអាជ្ញាបណ្ណគ្រូពេទ្យឱ្យបានច្បាស់លាស់មុនពេលទទួលការព្យាបាល។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយសមត្ថកិច្ចថៃ បានឆ្មក់ទម្លាយទីតាំងចំនួន ៥ កន្លែង បន្ទាប់ពីមានបណ្តឹងពីការិយាល័យសុខាភិបាលខេត្ត និងពលរដ្ឋថៃ អំពីការលួចផ្តល់សេវាធ្វើធ្មេញក្លែងក្លាយ ឧបករណ៍តម្រង់ធ្មេញ និងការដាក់ប្រេសធ្មេញលម្អ (Fashion braces) នៅតាមផ្ទះ និងតូបតាមចិញ្ចើមផ្លូវ៕