Swift cc time

មនុស្ស ២ នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ស្ត្រី ២ នាក់នៅក្នុងខេត្ត Ninh Binh ភាគខាងជើងប្រទេសវៀតណាម បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ ពេលកំពុងធ្វើដំណើរត្រឡប់មកពីធ្វើការវិញ ចំពេលមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់។នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរក្នុងស្រុករបស់វៀតណាម កាលពីថ្ងៃព្រហស្បតិ៍។

តាមប្រភពដដែល នៅវេលាម៉ោងប្រមាណ ៦:០០ ល្ងាចថ្ងៃដដែល ប្រជាពលរដ្ឋវៀតណាមនៅក្នុងឃុំ Rang Dong បានរាយការណ៍ថា បានប្រទះឃើញជនរងគ្រោះដេកសន្លប់បាត់ស្មារតីនៅលើផ្លូវទំនប់ ក្រោយត្រូវរន្ទះបាញ់។ ភ្លាមៗ កម្លាំងនគរបាលមូលដ្ឋានវៀរណាម បានចុះអន្តរាគមន៍ភ្លាមៗ និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ Nghia Binh ប៉ុន្តែអ្នកទាំងពីរបានបាត់បង់ជីវិតមុនពេលទៅដល់មន្ទីរពេទ្យ។

ជនរងគ្រោះត្រូវបានអត្តសញ្ញាណកម្មថាឈ្មោះ Nguyen T.N. អាយុ ៤៥ ឆ្នាំ និងឈ្មោះ Vu T.T. អាយុ ៣៩ ឆ្នាំ ដោយអ្នកទាំងពីររស់នៅក្នុងឃុំ Hai Hung ខេត្ត Ninh Binh។ អាជ្ញាធរវៀតណាម បានប្រគល់សពជូនគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

ទីភ្នាក់ងារឧតុនិយមជាតិវៀតណាម បានព្រមានពីបាតុភូតភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងរន្ទះបាញ់នៅភាគខាងជើង និងកណ្តាលនៃប្រទេស ដោយបានណែនាំឱ្យប្រជាពលរដ្ឋចៀសវាងការជួបជុំនៅវាលស្រែចំហ ក្បែរដើមឈើខ្ពស់ៗ ឬវត្ថុលោហធាតុ ហើយត្រូវស្វែងរកជម្រកសុវត្ថិភាពនៅក្នុងផ្ទះនៅពេលមានខ្យល់កន្ត្រាក់៕

Khcct banner

អត្ថបទទាក់ទង